ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាពយកខ្សែភ្លើងរឹតកសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ដោយសារតែភ្លើងប្រចណ្ឌ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញដោយមានការចូលរួមសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្ត ព្រះវិហារ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណី ឃាតកម្ម ឈ្មោះ ភូ សៀងទ្បាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាំមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ។ ពេលសមត្ថកិច្វជំនាញធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣)ប្រាកដមែនដោយសារតែជនរងគ្រោះមានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយក៏យកខ្សែភ្លើងរឹតកសម្លាប់តែម្តង។ ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយខ្លួនបានយកទូរស័ព្ទ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅឯខេត្តកំពត រួចបន្តគេចខ្លួនទៅនៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ទៅឱ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ រ៉ារ៉ា