បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១០,០០០លីត្រ ជូនភូមិខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំងខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, «អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១០០០០លីត្រ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិដែលខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំងខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី។

លោកអភិបាលស្រុក លើកឡើងថា, ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ ខ្ញុំបានដឹកនាំក្រុមការងារចុះមកភូមិត្រពាំងថ្មមិនតិចជាង១០ដងឡើយ ក្នុងនោះអណ្តូងស្នប់ជ្រៅមិនក្រោម២០គ្រឿងទេ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានកៀរគរយកមកជួយពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងតែមួយគត់គឺដោះស្រាយភាពដុនដាបខ្លាំងខាងផ្នែកជីវភាពសម្រាប់អ្នកភូមិទាំង២៤៥គ្រួសារ ដែលបណ្តាលមកពីការខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ។ តែនេះគឺជាលើកទីមួយហើយ ដែលអ្នកភូមិត្រពាំងថ្មទទួលបានដំណោះស្រាយដែលផ្តល់ក្តីសង្ឃឹមខ្ពស់ ងាយស្រួលក្នុងការប្រើប្រាស់ មានភាពយូរអង្វែង និងអាចឈានទៅបញ្ចប់បញ្ហាប្រឈមជាប្រចាំថ្ងៃរបស់ពួកគាត់។ គណៈកម្មការគ្រប់គ្រងទឹកមួយ ដែលស្វ័យគ្រប់គ្រងដោយអ្នកភូមិខ្លួនឯងផ្ទាល់ នឹងត្រូវបានបង្កើតឡើង ដើម្បីធានានិរន្តរភាពនៃគម្រោងអណ្តូងទឹកសហគមន៍មួយនេះ។

លោកបន្តថា, ឆ្លៀតក្នុងឱកាសនេះ ជួសមុខឱ្យប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្មទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម Jesus Christ of Latter-day Saints ដែលបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះសំណើរស្នើសុំជំនួយរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងបានចំណាយថវិកាអស់ជាច្រើនមុឺនដុល្លារដើម្បីជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមធំបំផុតរបស់អ្នកភូមិត្រពាំងថ្មនៅក្នុងថ្ងៃនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តព្រៃជាំ ដែលបានបរិច្ចាគផ្តល់ទីតាំងនៅក្នុងបរិវេណវត្ត សម្រាប់ការសាងសង់អណ្តូងសហគមន៍ដ៏មានសារៈសំខាន់មួយនេះ។
លោកបន្តថា, សម្រាប់អ្នកភូមិត្រពាំងថ្ម កុំថាឡើយដល់ទឹកងូតប្រើប្រាស់ រឺស្រោចស្រពដំណាំ សូម្បីតែទឹកស្អាតសម្រាប់បរិភោគក៏ពិបាករកបានដែរ។ ក្រៅពីទឹកភ្លៀងនិងទឹកស្រះដែលនៅសេសសល់តិចតួចពីរដូវវស្សា អណ្តូងធម្មតាមិនអាចជីករឺបុកយកទឹកទៅប្រើប្រាស់បាននោះទេ ហើយប្រជាជននៅទីនេះមួយចំនួន គឺត្រូវពឹងផ្អែកទៅលើស្រះទឹកសហគមន៍ អណ្តូងស្នប់ពិសេសដែលមានតម្លៃថ្លៃ និងការទិញទឹកពីអ្នកដឹកយកមកលក់ពីតំបន់ផ្សេង។ បញ្ហាខ្វះខាតទឹកនេះមិនគ្រាន់តែធ្វើអោយជីវិតប្រចាំថ្ងៃអ្នកភូមិជួបការលំបាកប៉ុណ្ណោះទេ តែថែមទាំងដាក់សម្ពាធទៅលើកម្រិតជីវភាពរបស់ពួកគាត់ទៀតផង ដោយត្រូវចំណាយបន្ថែមផង និងមិនមានទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការស្រោចស្រពដំណាំផង។

ហេតុដូច្នេះហើយបានជាភូមិត្រពាំងថ្មស្ថិតក្នុងចំណោមភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី និងតែងតែទទួលបានអាទិភាពក្នុងការទទួលបានជំនួយឧបត្ថម្ភនានាក្នុងពេលកន្លងមក។ ក្រៅពីអណ្តូងស្នប់ជ្រៅ តំបន់នេះក៏ទទួលបានការជួយដោះស្រាយការលំបាកជាច្រើនផ្សេងទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា រួមមាន៖ ផ្លូវគ្រួសក្រហម៣ខ្សែ ការចាប់ផ្តើមតភ្ជាប់បណ្តាញអគ្គីសនីចូលមកក្នុងភូមិ ស្រះទឹកធំចំនួន២ បញ្ចប់ការបោសសម្អាតគ្រាប់មីនទាំងស្រុងនៅក្នុងភូមិ បំពាក់អំពូលសូឡាជូនតាមផ្ទះ និងទទួលការចែកអំណោយដល់ជនទីទ័លក្រជាច្រើនដងផងដែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print