ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា អំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា ដែលមានទំហំ ៦ម៉ែត្រx១៤ម៉ែត្រ ស្លាបសងខាងមានទំហំ ៤ម៉ែត្រx៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ដោយក្នុងវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន ៥០នាក់ សិក្សារយៈពេល ៩១ថ្ងៃ និងវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ពិសេសមានសិក្ខាកាម ចំនួន ៥០នាក់ សិក្សារយៈពេល ៩១ថ្ងៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងអំណរអរគុណដល់លោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលលោក តែងតែយកចិត្តទុកដាក់ ក្នុងការទំនប់បម្រុងដល់កងកម្លាំងសមរភូមិមុខ និងសមរភូមិក្រោយ និងបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន និងជំនាញស៊ើបការណ៍ពិសេស។

លោកឧត្តមសេនីយ៍ទោបានបន្តទៀតថាទន្ទឹមនឹងប្រទេសជាតិមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ យើងក៏ត្រូវតែយកចិត្តទុកដាក់ ពង្រឹងកងកម្លាំងប្រដាប់អាវុធតាមរយៈការហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់ស្មារតី និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចឱ្យបានរឹងមាំ។ ភារកិច្ចចំពោះមុខគឺការការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ត្រូវតែការពារសន្ដិភាពឱ្យបានគង់វង្ស ព្រោះថាសន្ដិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្ដិភាពទទួលបានដោយការប្ដូរសាច់ស្រស់ឈាមស្រស់ របស់វវរជនស្នេហាជាតិជាច្រើនរូបក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី សុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ គឺមិនត្រូវបានបំផ្លាញបាត់បង់ទៅវិញ ដោយពួកក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ យើងត្រូវថែរក្សាសន្ដិភាពនេះ ឱ្យបានឋិតថេរគង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋ និងបន្តការកសាង និងអភិវឌ្ឍន៍ជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឲ្យបានល្អ និងរស់នៅប្រកបដោយសេចក្ដីសុខសុភមង្គលគ្រប់ៗគ្នា និងបន្តរក្សាអនាម័យឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពយោធិនគ្រប់រូបឱ្យយល់ច្បាស់ ការគ្រប់គ្រងដឹកនាំបញ្ជាសមស្របក្នុងការអនុវត្តភារកិច្ចការពារបូរណភាពទឹកដី រក្សាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឈរជើងរបស់ វរសេនាតូចស៉ើបការណ៍ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ សង្ឃឹមពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភថវិកាដល់វគ្គហ្វឹកហ្វឺន ចំនួន ១.៥០០.០០០រៀល និងប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះតទៅ៕

ដោយ៖ សីលា

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print