ខេត្តព្រៃវែង : រសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងលោកឡាយ សំអឿន ជាអភិបាលស្រុកបាភ្នំថ្មី ជំនួសលោក ទេព ភារុន ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅក្រសួងមុខងារសាធារណ និងលោក ឡា សំអឿន ជាមួយលោក ហ៊ិន វន្នី មកជាអភិបាលរងថ្មីនៃគណៈអភិបាលស្រុកបាភ្នំ ដែលប្រព្រឹត្តទៅនៅសាលគណបក្សស្រុកបាភ្នំ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោកសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត មន្រ្តីសាលាខេត្ត ព្រមទាំងលោក លោកស្រី ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទ។
ក្នុងឱកាសនេះដែរ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានណែនាំដល់ លោក ឡាយ សំអឿន ដែលទេីបទទួលតំណែងថ្មី ក៏ដូចជាអភិបាលរងថ្មីផងដែរ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហេីយស្នើរសុំអោយលោកខិតខំធ្វើការងារ ដោយសហការណ៍ និងពង្រឹងសាមគ្គីភាពបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី។
លលើសពីនេះទៀតលោកអភិបាលខេត្ត សូមលេីកទឹកចិត្តដល់ លោកអភិបាលស្រុកថ្មី លោកអភិបាលរងស្រុកថ្មី បន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេស ធ្វេីយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ដំណេីរការបានយ៉ាងល្អប្រសេី ដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព ដេីម្បីឲ្យស្រុកបាភ្នំមានការរេីកចម្រេីនលូតលាស់បានយ៉ាងល្អប្រសេីរថែមទៀត។
ជាទីបញ្ជប់ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមប្រសិទ្ធពរជ័យជូនដល់ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការជុំវិញរដ្ឋបាលស្រុក កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ សូមសម្រេចបាននូវជោគជ័យការងារថ្មីៗ និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕
ដោយ : សិលា