គួរឱ្យអនិច្ចាណាស់! ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យជនរងគ្រោះស្លាប់ម្នាក់របួសម្នាក់ថែមទាំងងាប់សត្វឆ្កែ១ក្បាលទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសយ៉ាងដំណំ ខណៈដែលសត្វឆ្កែ១ក្បាលក៏បានងាប់នៅក្បែរនោះដែរដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២-១៩៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមសេចក្តីរាយការណ៍នានានៅម្ដុំកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញមនុស្ស២នាក់ធ្វើដំណើររួមគ្នា ដោយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-2174 ក្នុងដំណើរពីទិសខាងលិចឆ្ពោះទៅទិសខាងកើតក្នុងល្បឿនលឿនដែលគេសង្ស័យថាអាចបើកបរមានជាតិអាល់កុល។ លុះបើកមកដល់កន្លែងកើតហេតុម៉ូតូនោះបានបុកសត្វឆ្កែរត់កាត់ផ្លូវបណ្ដាលឱ្យដួលម៉ូតូបោកទៅលើថ្នល់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ និងងាប់សត្វឆ្កែ១ក្បាល ។

សេចក្តីរាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូឈ្មោះ ភាព កុយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់មែក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករងរបួស(រួមដំណើរ)ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។ បច្ចុប្បន្នសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ មកទទួលយកទៅចាត់ចែងធ្វើបុណ្យ រីឯជនរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូប្រគល់ជូនក្រុមគ្រួសារ ៕

...

ដោយ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print