រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបានព្រមានថា រាល់អាវុធដែលបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសលោកខាងលិចនឹងក្លាយជាគោលដៅវាយប្រហារកម្ទេចពីកម្លាំងទាហានរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ទៅកាន់បណ្តាញព័ត៌មាន Al Arabiya ថា «យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននឹងបញ្ចប់ក្រោយពេលសម្រេចគោលដៅដែលបានកំណត់ទុក»។ លោកបន្តទៀតថា អាវុធដែលបញ្ជូនទៅនោះ គឺប្រឆាំងនិងពលរដ្ឋរបស់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដូច្នេះរុស្ស៊ីត្រូវតែកម្ទេចអាវុធទាំងនោះចោល។
រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergey Lavrov បាននិយាយថា ជម្លោះរវាងទីក្រុងមូស្គូ នឹងទីក្រុងកៀវ ក៏ដូចជាវិបត្តិអ៊ុយក្រែនដែលកំពុងបន្ត គឺជាលទ្ធផលជាក់ស្តែងដែលកើតចេញពីការព្យាយាមរបស់បស្ចិមប្រទេសដើម្បីធ្វើឲ្យពិភពលោកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ក្នុងនោះមានដូចជាការពង្រីកខ្លួនទៅទិសខាងកើតឥតឈប់ឈររបស់អង្គការណាតូ (NATO)។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ដែលត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ លោក Lavrov បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងអង្គការណាតូ តែងតែប្រើអ៊ុយក្រែនជាឧបករណ៍មួយក្នុងការគ្រប់គ្រងរុស្ស៊ី»។
ទីក្រុងវ៉ាស៊ីនតោន និង NATO បានច្រានចោលសំណើរបស់រុស្ស៊ីដែល ចង់បានការធានាសន្តិសុខកាលពីខែធ្នូ ឆ្នាំ២០២១ ហើយជុំវិញបញ្ហានេះ ប្រមុខការទូតរុស្ស៉ីបានអះអាងថា ទីក្រុងមូស្គូមិនមានជម្រើសអ្វីក្រៅពីបើកប្រតិបត្តិការយោធារបស់ខ្លួនដើម្បីការពារប្រជាជននៃតំបន់ដុនបាស់ដែលរុស្ស៊ីបានទទួលស្គាល់នោះទេ។ ដូច្នេះលោក Lavrov ថាប្រទេសលោកខាងលិចជាអ្នកចាប់ផ្តើមមុន ដោយការគាំទ្ររដ្ឋប្រហារប្រឆាំងរដ្ឋធម្មនុញ្ញអ៊ុយក្រែននៅឆ្នាំ២០១៤ ដែលបានបង្កឱ្យមានជម្លោះផ្ទៃក្នុងអ៊ុយក្រែន, ការប្រឆាំងរុស្ស៊ី និងជំរុញឱ្យអ្នកជាតិនិយម ឆ្ពោះទៅរកដំណោះស្រាយដោយប្រើយោធា ក្នុងតំបន់ដុនបាស់៕ ដោយធីរីណា
រូបថត : ក្រសួងការបរទេសរុស្ស៊ី។