ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះថា៖ យើងត្រូវតែនិយាយឱ្យច្បាស់… យើងមិនអនុញ្ញាតឱ្យមានអំពើពាលាអាវ៉ាសែ ជ្រួលជ្រើមអនាធិបតេយ្យដូចកាលឆ្នាំ២០១៣ ឬ២០១៤នោះទេ។ យើងកំពុងរវល់ដឹកនាំប្រទេសជាតិឲ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពពាលាអាវ៉ាសែទៅវិញ។ ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានី នាឱកាសពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥០២ នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោក ហ៊ុន ម៉ានី ថ្លែងបន្តថា ពេលនេះប្រមាណ២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរបានជួបប្រទះកាលៈទេសៈនៃការបិទខ្ទប់ ឬ ការរិតត្បិតសកម្មភាពប្រចាំនានាក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ នៅបសេដ្ឋនេះផ្ទាល់ក៏មានបិទភូមិដែរ។ ប្រាកដណាស់ថា យើងជួបប្រទះការលំបាកជាមួយគ្នា ប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះគឺជាការសម្រេចចិត្តដោយបង្ខំចិត្ត និងពិតជាពិបាក។ យើងពិតជាមិនមានជម្រើសអ្វីល្អជាងនោះទេ។ ២ឆ្នំាចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណាដើម្បីធានាបាននូវអាយុជីវិត សេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន។
អរគុណចំពោះការសហការដ៏ស្អិតរមួតរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មកនូវស្ថានភាពដើមវិញ។ យើងក្រុមគ្រួសារខ្មែរ រួមសុខ រួមទុក រួមគ្នារីកចម្រើនទៅមុខជាមួយគ្នា ជាមួយប្រជាជនកម្ពុជា៕
ដោយ៖ស តារា