សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារទីស្នាក់ការ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង : នៅព្រឹកសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខេមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារទីស្នាក់ការ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង។

លោក ស៊ិន សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែង បានធ្វើរបាយការណ៍ថាជាទូទៅសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងមហាជនក្នុងក្រុងព្រៃវែងនៅតែដឹងគុណនិងជឿជាក់លើសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងអរគុណសម្ដេចក្រឡាហោមអនុប្រធានគណបក្សដែលបានដឹកនាំប្រទេសនិងផ្ដល់ការគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកបន្តថាអគារស្នាក់ការគណបក្ស និងសមិទ្ធផលនានាដែល​ប្រារព្ធពិធីសម្ពោធនាឱកាសនេះ ស្ថិតនៅលើទីតាំងដីទទឹង២៨ម៉ែត្រ បណ្ដោយ៥៨ម៉ែត្រ និងចាប់បញ្ចុះបឋមសិលាកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងនោះរួមមានការចាក់ដីសម្អាតទីតាំងនិងដាំដើមឈើ ការសាងសង់អគារទទឹង១២ម៉ែត្រ បណ្ដោយ២៤ម៉ែត្រ ស្ថាបនាផ្លូវបេតុងចេញចូលទីស្នាក់ការ បន្ទប់ទឹកនិងផ្ទះបាយ ដងទង់ជាតិ និងតារាងកីឡាប៊ូល សរុបថវិកាជាង១២ម៉ឺន៥ពាន់ដុល្លារ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមថាអគារទីស្នាក់ការគណបក្សថ្មីនេះនឹងរួមចំណែកដល់ការកសាងកម្លាំងនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងក្រុងព្រៃវែង និងខេត្តព្រៃវែង និងបានបន្ថែមថា«ទីនេះមិនមែនជាកន្លែងអង្គុយស្រណុក​ស្រួលនៃមន្រ្តីថ្នាក់ដឹកនាំគណបក្សក្រុងប៉ុណ្ណោះទេ តែជាកន្លែងផ្ដល់សេវាដោះស្រាយសំណូមពរ សំណើនានារបស់ប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាជិការគណបក្សជួបនៅបញ្ហានានាក្នុងជីវភាពរស់នៅឬបញ្ហាផ្សេងៗទៀត»។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាបានដឹកនាំគ្រប់គ្រងប្រទេសជាតិរយៈពេលជាង៤០ឆ្នាំមកហើយ បើគិតត្រឹមតែពីឆ្នាំ១៩៧៩ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប និងក៏ដោយសារគណបក្សបានប្រកាន់ឧត្តមគតិរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពោលគឺមិនមែនមានតែគោលការណ៍ ឬគោលនយោបាយនោះទេ តែគណបក្សបាននិងកំពុងប្រកាន់ខ្ជាប់ឧត្តមគិតិស្នេហាជាតិ ស្នេហាប្រជាជន និងគោរពរដ្ឋធម្មនុញ្ញ។

សម្ដេចបានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាបានប្រកាន់គោលជំហរបំរើផលប្រយោជន៍រួម មិនប្រកាន់បក្សពួកដែល​ប្រាសចាកពីច្បាប់រដ្ឋនិងគោលការណ៍គណបក្សឡើយ។ សម្ដេចបន្ថែមថា« មិនអាចឯងគាំទ្រអញ ទោះឯងធ្វើអីខុសក៏មិនយកទោសពៃដែរ មិនបានទេ! ព្រោះការដឹកនាំ និងគ្រប់គ្រងត្រូវមានគោលការមួយដែលត្រូវគោរព គឺច្បាប់ ឬបើនិយាយពីគណបក្សគឺបន្ទាត់នយោបាយគណបក្ស និងលក្ខន្តិកៈគណបក្ស»។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ដោយភ្ជាប់ទៅនឹងទិសដៅនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះសម្ដេចក៏បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចបំរើសេវាសាធារណៈ បំរើផលប្រយោជន៍ និងសេចក្ដីត្រូវការប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាត្រូវសម្រេចឱ្យបាននូវជោគជ័យលើការងារសំខាន់ៗ២ រួមមានការទទួលបានជ័យជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់ និងការរួមចំណែកធ្វើឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដ្បិតគណបក្សប្រជាជនកម្ពុជាជាគណបក្សដឹកនាំរាជរដ្ឋាភិបាល។

សម្ដេចក៏បានឆ្លៀតជំរុញបន្ថែមទៀតឱ្យថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋ ដើម្បីប្រើយន្តការនេះដោះស្រាយបញ្ហា កង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយត្រូវបំផុសឱ្យប្រជាពលរដ្ឋហ៊ានបញ្ចេញមតិយោបល់ ឱ្យពួកគាត់មានសេចក្ដីក្លាហានក្នុងការលើកឡើងនូវបញ្ហាផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print