ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ ពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វាលើ ស្រុកចំការលើ ក្រោមអធិបតីភាពលោកហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកចំការលើ ដោយមានការចូលរួមពីលោកសុក ផេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើលោក ខ្លូត ចិន្តា អនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកចំការលើ លោកសណ្ឌិត សំ ពិសិដ្ឋ ប្រធានគណបក្សស្រុកចំការលើ និង លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងឃុំ ។
លោកសុក ផេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ បានឲ្យដឹងថា ស្នាក់ការគណបក្សឃុំល្វាលើ ដែលសាងសង់ថ្មីមានទំហំទទឹង៧.២ម៉ែត្រ បណ្តោយ ១៧ម៉ែត្រ ជាប្រភេទអគារធ្វើពីស៊ីម៉ង់ប្រក់ក្បឿង ពិដានម្នាងសិលាកម្ពស់ ១ជាន់ផ្ទាល់ដី សាងសង់លើទំហំដី ១.១៤០ ម៉ែត្រការ៉េ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៨ ខែមិនាឆ្នាំ ២០២០ ហើយបានបញ្ចប់ការសាងសង់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ ហើយមានរយៈពេលសាងសង៤ ខែ ។
លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ បានមានប្រសាសន៍ថា៖ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ-១៩ និងការចូលរួមរបស់ប្រជាជនកម្ពុជាយ៉ាងសកម្មក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទើបយើងមានឱកាសជួបជុំគ្នាថ្ងៃនេះ ដើម្បីសម្ពោធសមិទ្ធិផលថ្មីមួយទៀត សម្រាប់សមាជិក និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហរសេដ្ឋកិច្ច ឬ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំនេះបានឡើយ។
ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនពូមីង លោកយាយ លោកតា បន្តទទួលយកវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបង្កើតភាពស៉ំាក្នុងសហគមន៍ឲ្យកាន់តែរឹងមាំ។
លោកហ៊ុនម៉ានិតក៏បានថ្លែងអរគុណដល់ក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសមាជិកគណបក្ស ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដេីម្បីបម្រេី និងដោះស្រាយបញ្ហាជូនប្រជាជនយេីងនៅមូលដ្ឋាន។ សូមអរគុណដល់បងប្អូន ពូមីង លោកយាយ លោកតា ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព៕
ដោយ៖ សូរិយា