មេដឹកនាំកូរ៉េខាងជើងព្រមានថា៖​ ខ្លួន​អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើមានការគំរាមកំហែង​ ខណៈ​ដែលខ្លួន​កំពុងត្រៀមធ្វើតេស្ដនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះ​ថា៖​ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានព្រមានជាថ្មីម្តងទៀតថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង ខណៈដែលលោកបានសរសើរមន្ត្រីយោធាកំពូលរបស់លោក ជុំវិញការរៀបចំព្យុហយាត្រាយោធាដ៏ធំនាសប្តាហ៍នេះ​ក្នុងរដ្ឋធានីព្យុងយ៉ាង។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA​ បានចុះផ្សាយ​ថា៖​ មេដឹកនាំកូរ៉េខាងជើង​ លោក គីម បានសម្តែងនូវឆន្ទៈដ៏មុតមាំ ដើម្បីបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយអាចនឹងប្រើប្រាស់វាដើម្បី ទប់ស្កាត់នូវរាល់ការប៉ុនប៉ង និងសកម្មភាពគំរាមកំហែងដ៏គ្រោះថ្នាក់ណាមួយ រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវណាមួយនៅក្នុងករណីចាំបាច់។ បន្ថែមពីនេះ​ លោក គីម បានកោតសរសើរមន្ត្រីយោធារបស់លោកយ៉ាងខ្លាំង ចំពោះការរៀបចំព្យុហយាត្រាយោធា កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ ដែលមានការបង្ហាញអាវុធសំខាន់នៃកម្មវិធីនុយក្លេអ៊ែររបស់យោធារបស់ខ្លួន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនប្រភេទ។ នៅចំពោះមុខកងកម្លាំង និងអ្នកចូលរួមរាប់ពាន់នាក់ លោកគីម បានប្តេជ្ញាថានឹងអភិវឌ្ឍសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរក្នុងល្បឿនដ៏លឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយព្រមានថា នុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងត្រូវប្រើប្រាស់ដើម្បីរារាំងសង្រ្គាម។​ នេះបេី​តាមការបញ្ជាក់ពី​សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA​ ។

សូមជម្រាបថា​ កូរ៉េខាងជើង​ នៅក្នុងឆ្នាំ២០២២នេះបានធ្វើតេស្ដមីស៊ីលចំនួន១៣លើក រួមទាំងការសាល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ស្របពេលដែលការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន នឹងក្រុងព្យុងយ៉ាងបានជាប់គាំង ចាប់តាំងពីឆ្នាំ២០១៩មក ដោយសារតែមានការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងជំហាននៃការរំសាយអាវុធរបស់កូរ៉េខាងជើង។

ជាមួយគ្នានោះ​ ទីភ្នាក់ងារ​សារព័ត៌មាន Financial Times នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២នេះ​ បានចុះផ្សាយថា​ ក្រុមអ្នកជំនាញបានព្រមានថា៖​ នៅក្នុងពេលឆាប់ៗខាងមុខនេះ​ កូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ដនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ខណៈដែលលោក គីម ជុងអ៊ុន​ បានសន្យាបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា។

ដោយផ្អែកលើការស្រង់សម្ដីពីក្រុមអ្នកជំនាញ និងរូបភាពផ្កាយរណបបានមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងទៀតថា មានសកម្មភាពត្រៀមរៀបចំជាច្រើនកំពុងដំណើការនៅឯរោងចក្រនុយក្លេអ៊ែរផុងហ្គីរី (Punggye-ri) ហើយរូបភាពផ្កាយរណបក៏បានបង្ហាញដែរពីសកម្មភាពដឹកជញ្ជូនបរិក្ខារ និងសម្ភារផ្គត់ផ្គង់នៅ បរិវេណទីតាំងធ្វើតេស្ដនុយក្លេអ៊ែរមួយនេះ។​ នេះបេី​តាមការបញ្ជាក់ពី​សារព័ត៌មាន Financial Times។

បើតាមកាអះអាងពីអ្នកជំនាញមកពីវិទ្យាស្ថានអាមេរិកខាងលើ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅចន្លោះពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កូរ៉ខាងជើង​កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​ បានធ្វើតេស្ដនុយក្លេអ៊ែរលើកចុងក្រោយបំផុត ដោយការបំផ្ទុះគ្រាប់បែកអ៉ីដ្រូសែន ដែលត្រូវបានក្រុមអ្នកជំនាញជឿជាក់ថាអាចបំពាក់លើមីស៊ីលផ្លោងអន្តរទ្វីប ICBM បាន។ ចំណែកឯក្រសួងការពារជាតិជប៉ុន នៅពេលនោះ ក៏បានធ្វើការសន្និដ្ឋានដែរថា គ្រាប់បែកអ៉ីដ្រូសែននេះមានកម្លាំងផ្ទុះ៧០គីឡូតោន ខណៈដែលកូរ៉េខាងត្បូងថា ១០០គីឡូតោន ហើយដែលកម្លាំងផ្ទុះនេះមានឥទ្ធិពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិក បានទម្លាក់លើទីក្រុងណាហ្កាសាគី និងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពី សង្រ្គាមលោកលើកទី២ ទៅទៀត៕ដោយ​៖ស​ តារា

រូបភាព​៖ឯកសារ​ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង​ ត្រួតពិនិត្យមីស៊ីលអន្តរជាតិ Hwasong-17 ។ រូបថត KCNA

...


រូបភាព​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print