ភ្នំពេញ៖ មានការចាប់អារម្មណ៍នៅរាត្រីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២២នេះបន្ទាប់ពីតារាចម្រៀងលំដាប់ជួរមុខលោកព្រាប សុវត្ថិទទួលបានគោរមងារជាឧកញ៉ាហើយ។ ការទទួលគោរមងារនេះមិនបានប៉ុន្មានខែផងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ទទួលគោរមងារមួយនេះកាលពីដើមខែកុម្ភៈឆ្នាំ ២០២២។
យោងតាមព្រះរាជក្រឹត្យ ដែលត្រូវបានចុះព្រះហស្ថលេខាកាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២២ ដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារលោកព្រាប សុវត្ថិ ជាឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យផ្តល់គោរមងារដល់សិល្បករល្បីល្បាញរូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសាទរខ្លាំងពីសំណាក់មហាជន ពិសេសអ្នកគាំទ្រតារាចម្រៀងខាងលើ ដែលគេដឹងដែរថា កន្លងមកលោកក៏ធ្លាប់លេចមុខក្នុងការជួយដល់កិច្ចការងារសង្គមជាបន្តបន្ទាប់។ លោកគឺជាសិល្បករបន្ទាប់ដែលទទួលបានគោរមងារនេះបន្ទាប់ពីសិល្បករមួយចំនួនតូចប៉ុណ្ណោះដែលទទួលបាន ពិសេសកាលពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២២ នោះតារាចម្រៀងលោកខេមរៈ សិរីមន្តក៏ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាផងដែរ និងបង្កើតឲ្យមានការភ្ញាក់ផ្អើលម្តងរួចមហើយដែរ។
គួរបញ្ជាក់ដែរថា លោក ព្រាប សុវិត្ថ គឺជាតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា មានកេរ្ដិ៍ឈ្មោះល្បីខ្លាំងបំផុតហើយលោក ក៏ជាសិល្បកររាមច្បងមួយរូបដែលអាចរក្សាប្រជាប្រិយភាពល្បីរន្ទឺរបស់ខ្លួនជាង២ទសវត្សមកនេះ។ ម្ចាស់បទ”ខ្លុយស្នេហ៍ត្នោតទេ”រូបនេះ កើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ,ស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល។ លោកមានកូនប្រុសចំនួន៣នាក់និងជាតារាចម្រៀងផងដែរ៕ដោយ៖ វឌ្ឍនា