រុស្ស៊ីបានអំពាវនាវដល់បណ្តាប្រទេសនៅជុំវិញពិភពលោក គោរពច្បាប់ដែលបានកំណត់ដើម្បីទប់ស្កាត់សង្គ្រាមបរមាណូកើតឡើង។ សារព័ត៌មាន TASS បានផ្សាយថា ប្រទេសទាំងអស់ត្រូវតែគោរពទៅតាមច្បាប់ ទប់ស្កាត់សង្គ្រាមបរមាណូដែលអាចកើតឡើងបានដូចសេចក្តីប្រកាសរួមកាលពីខែមករា របស់ប្រទេសមហាអំណាចទាំង៥នៅលើពិភពលោក។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ និងមិនរីកសាយភាយអាវុធរបស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា «រុស្ស៊ីគោរពយ៉ាងយកចិត្តទុកដាក់ដល់ច្បាប់ដែលពិភពលោកបានកំណត់»។ រុស្ស៊ី បានលើកឡើងថា បណ្តាប្រទេសលោកខាងលិចគួរតែយល់ឱ្យបានច្បាស់ពីសង្គ្រាមបរមាណូដែលអាចកើតឡើងបង្កគ្រោះថ្នាក់យ៉ាងធំធេង ។ រាល់សកម្មភាពប្រឆាំងរុស្ស៊ីគឺមិនអាចទទួលយកបានឡើយ។
រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov ជាថ្មីម្តងទៀត បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអង្គការ NATO បញ្ឈប់ការផ្គត់ផ្គង់សព្វាវុធឱ្យរដ្ឋាភិបាលទីក្រុងកៀវ ប្រសិនបើពួកគេពិតជាមានបំណងចង់ដោះស្រាយវិបត្តិអ៊ុយក្រែនមែននោះ។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានចិន Xinhua លោក Lavrov បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអាមេរិកនិង NATO ពិតជាចង់ដោះស្រាយវិបត្តិអ៊ុយក្រែនប្រាកដមែន គឺជំហានដំបូងបំផុតពួកគេគួរតែភ្ញាក់ខ្លួនឡើង ហើយឈប់ផ្គត់ផ្គង់សព្វាវុធឱ្យទីក្រុងកៀវតទៅទៀត»។
កន្លងមកនេះ ទីក្រុងមូស្គូបានព្រមានទីក្រុងវ៉ាស៉ីនតោនប៉ុន្មានលើករួចមកហើយ ចំពោះការបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដោយចោទថា អាមេរិកព្យាយាមចាក់ប្រេងទៅលើភ្លើងសង្រ្គាម។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបបាននាំគ្នាផ្គត់ផ្គង់សព្វាវុធសរុប ជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដល់រដ្ឋាភិបាលទីក្រុងកៀវ សម្រាប់ការតស៊ូប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏បានស្នើសុំសភាអាមេរិកនូវ កញ្ចប់ជំនួយទំហំ៣៣ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែនផងដែរ៕ ដោយធីរីណា