គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា – ឡាវ បើកកិច្ចប្រជុំពិភាក្សាការងារ

ចែករំលែក៖

(ភ្នំពេញ)÷គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា – ឡាវ បានបើកកិច្ចប្រជុំពិភាក្សាការងារនៃកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនតាមប្រព័ន្ធទូរគមនាគមន៍ ( Video Conference ) កាលពីព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២នេះ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

កិច្ចប្រជុំពិភាក្សាការងារនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ ប្រព្រឹត្តទៅក្រោមវត្តមាន ភាគីកម្ពុជាដឹកនាំកិច្ចប្រជុំដោយនាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា ធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ រួមជាមួយក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។ ដោយឡែកខាងភាគីគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ_កម្ពុជា ដឹកនាំដោយឧត្តមឧត្តមសេនីយ៍ត្រី វ៉ាន់ថន ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ.កម្ពុជា រួមជាមួយសមាជិកផងដែរ ។ 

ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់ សម្រាប់ភាគីយើងទាំងពីរ ក្នុងការពង្រឹងពង្រីកចំណងទាក់ទង  កិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិសុខរបៀប រៀបរយតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា_ឡាវឲ្យមានស្ថិរភាព សន្តិសុខកាន់តែល្អ និងព្រំដែនសន្តិភាពពិតប្រាកដ ។ នេះគឺជាកិច្ចប្រជុំលើកទី២ រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសយើងទាំងពីរ តែក៏ជាលើកទី ១ ផងដែររបស់ប្រធានភាគីឡាវ ដើម្បីបានបង្ហាញអំពីសមាសភាពពីគ្នាទៅវិញទៅ មក រវាងភាគីទាំងពីរ បានស្គាល់គ្នា តាមរយៈនៃកិច្ចប្រជុំនេះ ដោយលោកមានជំនឿជឿជាក់ថា ភាគីកងទ័ពទាំងពីរ នឹងអនុវត្តបានល្អ ត្រឹមត្រូវតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។

 នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធាននៃកិច្ចប្រជុំភាគី កងទ័ពកម្ពុជាបានលើកបញ្ជាក់ថា តបតាមស្មារតីនៃកិច្ច ប្រជុំលើកទី១ របស់គណៈកម្មាធិការយើងទាំងពីរ ក៏បានដាក់ចេញនូវកម្មវិធីប្រជុំជាមួយគ្នា តាមកាលវិភាគប្រចាំ ឆ្នាំ តែការប្រជុំកន្លងមក យើងមិនអាចប្រព្រឹត្តទៅបាន ដោយមានការរាតត្បាតពីជំងឺកូវីដ១៩ នៅក្នុងប្រទេសយើងទាំងពីរ រហូតមកដល់ពេលនេះការទប់ស្កាត់ជំងឺ   កូវីដ១៩ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យហើយការរាតត្បាត ក៏បានធូរស្រាលជាបណ្ដើរៗ ដោយមានការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា បើកដំណើរការឡើងវិញលើគ្រប់វិស័យ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីត១៩ ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមទៀតថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីធ្វើទំនាក់ទំនងគ្នា និងជំរុញឱ្យមានសន្តិសុខ តាមព្រំដែនកម្ពុជា_ឡាវ ព្រមទាំងបន្តសហការគ្នា ដែលជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយនិងការរស់នៅដោយ  ភាពសុខដុមជាមួយគ្នា ជាប្រទេសជិតខាងល្អ ភូមិផង របងជាមួយ ។ សារបាននៃការបង្កើតគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា_ឡាវកើតឡើងពីឆន្ទះនៃថ្នាក់ ដឹកនាំក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងអំឡុងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ប្រទេសទាំងពីរ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងគោលបំណងជំរុញឲ្យមានការទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវដែលមានប្រពៃណីទំនាក់ទំនងជាបងប្អូន និងអ្នកជិតខាងល្អ ជាមួយគ្នាជាយូរមកហើយ ហើយក៏ធ្លាប់ជួយគ្នាទៅវិញទៅមកផងដែរ និងស្របតាមគោលបំណងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលលតែងតែទំនាក់ទំនងគ្នានិងជួយគ្នាទៅវិញទៅមក ដូចនេះគណៈកម្មការយើងទាំងពីរ មានភារកិច្ចសំខាន់ណាស់ ដែលជាអ្នកធ្វើឱ្យព្រំដែនរបស់យើងមានសន្តិភាពស្ថិរ ភាព ដោយភាពសុខដុមគ្រប់បែបយ៉ាង ដល់ប្រជា ពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន និងបង្កលក្ខណៈឲ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់នៅរាល់បទល្មើសនានា និងការអភិវឌ្ឍសេដ្ឋកិច្ចតាមបណ្ដោយព្រំដែនប្រទេសទាំងពីរមានការរីកចម្រើន ។

 ដើម្បីអនុវត្តបានជោគជ័យតាមតួនាទីភារកិច្ច របស់គណៈកម្មការទាំងពីរ ក្នុងការធ្វើឲ្យព្រំដែន របស់ប្រទេសទាំងពីរ មានសន្តិភាពពិតប្រាកដ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុម ភាគីទាំងពីរ បានសំណូមពរ និងដាក់ចេញកាលវិភាគធ្វើការជាមួយគ្នាលើ ៣ ចំណុចសំខាន់ៗ រួមមាន: ១/ភាគីទាំងពីរត្រូវមានឆន្ទះ ដោយធ្វើយ៉ាងណា ឱ្យព្រំដែនរបស់ប្រទេសទាំងពីរមានសន្តិភាព មិត្តភាព សាមគ្គីភាព សហការ និងការអភិវឌ្ឍ តាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងនោះត្រូវទប់ស្កាត់រាល់សកម្មភាពណា ដែលបំផ្លាញសន្តិភាព

និងករណីដែលកើតឡើងត្រូវដោះ ស្រាយដោយសន្តិវិធី និងគោលការណ៍គោរពអធិប តេយ្យភាពគ្នាទៅវិញទៅមក ។ ២/ជំរុញការទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាព,សាមគ្គី ភាព ជាបងប្អូន និងជាអ្នកជិតខាងល្អ ដោយបង្កើតឲ្យមានការលេងកីឡា សិល្បៈកម្សាន្ត ទៅវិញទៅមក ។ ៣/បន្តយន្តការការងាររបស់គណៈកម្មការកងទ័ពប្រទេសទាំងពីរដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី ១ កន្លង មក ដែលរួមមានគណៈកម្មការថ្នាក់ភូមិភាគអាចជួប  ប្រជុំគ្នាក្នុងមួយឆ្នាំម្ដងក្នុងករណីចាំបាច់ អាចជួបប្រជុំគ្នាជាលក្ខណៈវិសាមញ្ញ ការទំនាក់ទំនងរវាងគណៈកម្មការទាំងពីរ ទៅវិញទៅមកតាមរយៈសេនានុព័ន្ធយោធា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំម្នាក់ម្ដង ក្នុងស្ថានភាពកូវីដ ១៩ ធូរស្រាល ដែលអាចជួបប្រជុំគ្នា ដោយផ្ទាល់ 

 ចំពោះអង្គភាពថ្នាក់ក្រោម និងតំបន់ប្រតិបត្តិការសឹករងខេត្ត ជាប់ព្រំដែន ត្រូវទំនាក់ទំនងគ្នាជាប្រចាំ នឹងជួបប្រជុំជាមួយគ្នារៀងរាល់ ៦ ខែម្ដង ក្នុងករណីចាំបាច់អាចប្រជុំជាលក្ខណៈវិសមញ្ញ និងបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នាទាន់សភាពការណ៍ ។ ភាគីឡាវ បានឯកភាពចំពោះលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះដោយបានសំណូមពរដល់ភាគីកម្ពុជា បន្តជួបពិភាក្សាគ្នាបន្តទៀតតាមរយះនៃកាជួបប្រជុំគ្នាផ្ទាល់មុខ ដោយភាគីឡាវសុំធ្វើជាម្ចាស់ផ្ទះនៃប្រជុំមុននៅប្រទេសឡាវ ទៅតាមពេលវេលាជាក់ស្តែង និងរួមគ្នាដោះស្រាយគ្រប់បញ្ហាប្រឈមនានា ដែលកើតមានឡើងជាយថាហេតុណាមួយដោយសន្តិវិធី ។

 កិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយភាពយល់គ្នា និងលទ្ធផលជោគជ័យ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print