ខេត្តរតនគីរី៖ សត្វពស់ថ្លាន់ដ៏ធំមួយក្បាល ត្រូវបានប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកន្សែង ចាប់បានយកមកប្រគល់ជូនក្រុមការងារការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរបរិស្ថានខេត្តរតនគីរី បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៣ ខែឧសភា ឆ្នាំ២០២២។
មន្ទីរបរិស្ថានខេត្តរតនគីរី បានឱ្យដឹងទៀតថា ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានពលរដ្ឋដែលគាត់ប្រទះឃើញនៅជិតចំការរបស់គាត់ ហើយក៏បានចាប់ ដើម្បីយកមកជូនអ្នកជំនាញសង្រ្គោះ និងអភិរក្សវា។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមការងារការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី បាននាំយកស្វាក្ដាមចំនួន០១ក្បាល ដែលបានមកពីប្រជាពលរដ្ឋស្រុកអណ្ដូងមាស ប្រគល់ជូនមន្ទីរបរិស្ថានដេីម្បីសង្រ្គោះ និងប្រលែងចូលព្រៃធម្មជាតិវិញ។ ជាមួយគ្នានោះ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រគល់សត្វស្លាបមួយក្បាល(សត្វភូវាំង) ប្រភេទកម្រជិតផុតពូជ ក្នុងបញ្ជីក្រហមIUCN ជូនអង្គការសម្ព័ន្ធមិត្តសត្វព្រៃហៅកាត់WA ដើម្បីយកទៅសង្រ្គោះនៅមជ្ឈមណ្ឌលអង្គរសៀមរាបផងដែរ។
ដោយឡែកក្រសួងបរិស្ថាន ក៏បានបង្ហាញជីវៈចម្រុះនៅលើកំពូលភ្នំព្រះ និងភ្នំច្រមុះបារាំង ពិតជាសំបូរបែប និង ស្រស់ស្អាតណាស់ ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់។ភ្នំព្រះ និង ភ្នំច្រមុះបារាំងជាតំបន់ភ្នំដែលមានសម្រស់ល្អគន់ប្រៀបបានជាឋានសួគ៌ក្រោមមេឃ នៅពេលដែលលោកអ្នកទៅដល់ទីនោះ លោកអ្នកនឹងមានអារម្មណ៍ថាប្លែក មានអារម្មណ៍ថាលង់ស្នេហ៍នឹងសម្រស់ធម្មជាតិ ព្រៃព្រឹក្សានៅទីនោះ។ ភ្នំនេះសំបូរទៅដោយរុក្ខជាតិ និង ផ្កាព្រៃជាច្រើនប្រភេទ៕ដោយ៖សហការី