ក្រុមហង្សក្រហម Liverpool បានរួចផុតពីភាពភ័យខ្លាចក្នុងតង់ទី១ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Villarreal ក្នុងជើងទី២ កាលពីថ្ងៃអង្គារ ថ្ងៃទី៣ ខែឧសភា ដែលបានទទួលជ័យជម្នះសរុប ៥-២ បន្ទាប់ពីក្រុមរបស់លោក Juergen Klopp យកឈ្នះទាំង២ជើង។
ក្រុមហង្សក្រហមបានបរាជ័យ ២-០ ជាមួយនឹងទម្រង់លេងមិនសូវល្អក្នុងតង់ទី១នៃការប្រកួតជើងទី២នេះ មុនពេលវាយបកវិញជាមួយនឹងគ្រាប់បាល់៣គ្រាប់ក្នុងរយៈពេល១២នាទីក្នុងតង់ទី២ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៣របស់ពួកគេក្នុងរយៈពេល៥រដូវកាល។ក្រុមនៅ Premier League បានឈ្នះ ២-០ ក្នុងប្រទេសអង់គ្លេស ប៉ុន្តែមើលទៅស្ថិតក្នុងគ្រោះថ្នាក់នៃការប្រកួតនៅលើទីលានដែលលិចដោយទឹកភ្លៀងក្នុងប្រទេសអេស្ប៉ាញ ខណៈដែលម្ចាស់ផ្ទះ Villarreal បានស៊ុតបាល់បញ្ចូលទីនាំមុខ២គ្រាប់ជាការស៊ុតបញ្ចូលទីដោយកីឡាករ BoulayeDia និង Francis Coquelin នៅនាទីទី៣ និងនៅនាទីទី៤១។ទោះជាយ៉ាងណាក៏ដោយ Liverpool បានផ្លាស់ប្តូរទម្រង់លេងនៅតង់ទី២ និងបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីតាមវិញដោយកីឡាករ Fabinhoនៅនាទីទី៦២, កីឡាករ Luis Diaz នៅនាទីទី៦៧ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Sadio Mane នៅនាទីទី៧៤ បានយកឈ្នះVillarreal ដែលបានបញ្ចប់ការប្រកួតជាមួយនឹងសមាជិក១០នាក់បន្ទាប់ពីទទួលបានកាតក្រហមពីកីឡាករ Etienne Capoue ។ក្រុមរបស់លោក Klopp នឹងជួបជាមួយក្រុម Real Madrid ឬ Manchester City ដែលប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៅរាត្រីថ្ងៃពុធនេះ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុងប៉ារីសនៅថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ។ខ្សែការពារ Virgil van Dijk របស់ Liverpool បាននិយាយក្រោយចប់ការប្រកួតថា “គ្រាប់បាល់ដំបូងមិនបានជួយយើងទេ វាបានជួយពួកគេយ៉ាងច្រើន ដូច្នេះយើងត្រូវផ្លាស់ប្តូរទម្រង់លេង យើងត្រូវមានភាពចាស់ទុំក្នុងការប្រកួត ហើយជាក់ស្តែងនៅតង់ទី២ពួកយើងលេងបានល្អណាស់”។
គួររំលឹកថា ក្រុម Villarreal បានបរាជ័យក្នុងការប្រកួតជើងទី១នៅកីឡដ្ឋាន Anfield ក្នុងលទ្ធផល២ទល់០ ហើយមកចាញ់ក្នុងជើងទី២ ៣ទល់២ទៀត។ ក្រុមនេះបានយកឈ្នះក្រុមខ្លាំងក្នុងវគ្គ៨ក្រុមចុងក្រោយBayern Munich ខណៈដែលក្រុម Liverpool បានទម្លាក់ក្រុម Benficaក្នុងវគ្គ៨ក្រុមចុងក្រោយដូចគ្នា ៕ (រូបភាព ៖ BBC Sport/Rueters)