ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យ លោក ហ្គ្រេម ប៊ឺគ្លី នាយកអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ចូលជួបពិភាក្សាការងារពាក់ព័ន្ធទៅនឹងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការគិតគូទៅលើគម្រោងថ្មីៗជាមួយគ្នាបន្តទៀត។ ទោះបីជាក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ ឯកឧត្តមរដ្ឋមន្ត្រី មិនបានជួបមុខគ្នាដោយផ្ទាល់ ជាមួយលោក ហ្គ្រេម ប៊ឺគ្លី ក្តី ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅតែបន្តជាប់រហូត។
លោកនាយកអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ មានសេចក្តីរីករាយ ដែលអាចធ្វើដំណើរពីទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ចូលជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយ លោករដ្ឋមន្ត្រី ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅតាមរោងចក្រសហគ្រាស ឲ្យបើកដំណើរការជាប្រក្រតី និងមានភាពប្រសើរឡើងវិញ។
ទោះបីជាមានវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ក៏គម្រោងទាំងឡាយដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-អាយឡូ គឺទទួលបាននូវលទ្ធផលជាផ្លែផ្កា។ ជាមួយនេះ លោកហ្គ្រេម ប៊ឺគ្លី អរគុណចំពោះកម្ពុជាដែលបានទទួលបេសកម្មដោយផ្ទាល់របស់អង្គការអាយឡូ ហើយរបាយការណ៍នឹងផ្តល់ជូនកម្ពុជានៅចុងខែឧសភានេះ។ ទាក់ទងទៅនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល ភាគីទាំងពីរបានឯកភាពបន្តគម្រោងនេះឲ្យបានកាន់តែល្អ ដោយរៀបចំផ្តល់នូវការគាំទ្រ ផ្នែកច្បាប់ ដើម្បីឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តនូវនិរន្តរភាពរបស់ខ្លួន ដោយនៅតែរក្សាបានឯករាជ្យភាព ប្រសិទ្ធភាព គម្លាភាពនៃយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការទៅថ្ងៃមុខទៀត។
ខាងភាគីអាយឡូ បានស្នើឲ្យមានការតាក់តែងជាទម្រង់គំរូមួយ លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើវិស័យអាទិភាព ដូចជាវិស័យទេសចរណ៍ និងសេវាកម្ម និងកសិឧស្សាហកម្ម ឱ្យធ្វើការចុះបញ្ជីជាមួយ ប.ស.ស។ លោករដ្ឋមន្ត្រី ឯកភាពលើកគំនិត្យផ្តួចផ្តើមនេះ ដោយពិនិត្យទៅលើកគោលនយោបាយ SME របស់រាជរដ្ឋាភិបាល ដើម្បីឱ្យមានសគតិភាពក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្លាយទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ពាក់ព័ន្ធទៅនឹងសង្គមឌីជីថលវិញ TVET បានកសាងសម្ថត្តភាព និងការបណ្តុះបណ្តាលជំនាញដើម្បីឆ្លើយ តបទៅនឹងគោលនយោបាយឌីជីថលរបស់រដ្ឋាភិបាល។ លោករដ្ឋមន្ត្រី ស្នើឱ្យ ILO ផ្តល់ជំនួយបច្ចេកទេស និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធឱ្យយល់ដឹងអំពីសង្គមឌីជីថល និងបញ្ជ្រាប ទៅក្នុងការបណ្តុះបណ្តាល TVET។ លោក ហ្គ្រេម ប៊ឺគ្លី ថាខាង ILO បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ និងបន្តសហការជាមួយក្រសួងបន្តទៀត៕
ដោយ ៖ សិលា