ភ្នំពេញ : សូមជម្រាបជូនថា, យ៉ាងហោចណាស់ក៏មាន ក្រសួង៣ កំពុងសិក្សារួមគ្នាអំពីការកំណត់អាយុ អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសុខភាព និងលើកតម្កើងធនធានមនុស្ស ជាទំពាំងស្នងឬស្សី ។
សូមបញ្ជាក់ថា ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល កំពុងសហការគ្នា ដើម្បីឈានទៅដល់ការពិចារណា លើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការអះអាងរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅទីស្តីការក្រសួង។
សូមរម្លឹកថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព តាមពាក្យស្លោករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន៖
-ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
-គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
-បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
-បើស្រវឹង សូមកុំបើកបរ
-គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
-គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
-ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព ៕
សូមបញ្ជាក់ថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១ មាន ២ ៦៧០លើក ចំពោះចំនួនអ្នកស្លាប់បាត់បង់ជីវិត មានចំនួន១ ៤៩៧នាក់ និងអ្នករងរបួសមានចំនួន៣ ៦១៥នាក់។
តាមផ្នែកជំនាញបានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ ដោយសារការបើកបរដោយល្បឿនលឿនចំនួន៣៨ភាគរយ ការមិនគោរពសិទ្ធិ មានចំនួន២៤ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១៤ភាគរយ ការប្រជែងគ្រោះថ្នាក់មាន៨ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន៨ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្តមាន៣ភាគរយ និង ងងុយមាន១ភាគរយ ។
ប្រសិនបើការសិក្សារួមគ្នាអំពីការកំណត់អាយុ អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសុខភាព និងលើកតម្កើងធនធានមនុស្ស ជាទំពាំងស្នងឬស្សី ជាចំណុចវត្តមាន និងមានសារៈសំខាន់បំផុត ដល់សុវត្ថិភាពចរាចរណ៍ សុខភាព សីលធម៌សង្គម បង្កើនធនធានមនុស្ស ៕
ដោយ : សិលា