បារាំងនិងឥណ្ឌាបានអំពាវនាវឱ្យមានកិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី នឹងអ៊ុយក្រែន និងឯកភាពគ្នាបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ ពិសេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក ។
ទាំងនោះគឺជាខ្លឹមសារនៅក្នុងជំនួបពិភាក្សារវាងប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី នៅទីក្រុងប៉ារីសនាយប់ថ្ងៃទី៤ ខែឧសភា ។
សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីការរិយាល័យប្រធានាធិបតីបារាំងដែលបានឱ្យដឹងថា ប្រធានាធិបតីម៉ាក្រុង និងនាយករដ្ឋមន្ត្រីម៉ូឌី បានពិភាក្សាគ្នាផ្តោតទៅលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ ភាគីបារាំងបានបញ្ជាក់ពីលទ្ធផលអាក្រក់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក ទាំងនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោកមូ៉ឌី ក៏បានលើកឡើងថា ឥណ្ឌាស្ថិតនៅកណ្តាលនៃវិវាទទាំងនោះ ។ ឥណ្ឌាបានអំពាវនាវឱ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាម។
បារាំងជាប្រទេសដែលបានផ្គត់ផ្គង់អាវុធធំលំដាប់ទីពីរសម្រាប់ប្រទេសឥណ្ឌា ដោយមានកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង ៣៦គ្រឿង ប្រភេទ Rafale មានតម្លៃ៨ពាន់លានដុល្លារឱ្យទៅឥណ្ឌានៅឆ្នាំ២០១៦ ។
ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រី ឥណ្ឌា លោកម៉ូឌី បានបញ្ជាក់ថា បារាំងគឺជាដៃគូដ៏សំខាន់របស់ឥណ្ឌាលើគ្រប់វិស័យ ។ នាយករដ្ឋមន្ត្រីឥណ្ឌាគឺជាមេដឹកនាំដំបូងគេបង្អស់ដែលជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំងក្រោយជាប់ឆ្នោតអាណត្តិទីពីរ ៕ ដោយធីរីណា
រូបថត : Reuters