ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ទីក្រុងប៉េកាំងបានបដិសេធនាវាផ្ទុក យន្តហោះអាមេរិកUSS John C.Stennis ចូលទៅកាន់កោះហុងកុងឡើយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកលោកBill Urban បានប្រកាសឲ្យដឹងថា សំណើចូលទៅកាន់កំពង់ផែកោះហុងកុង របស់នាវាផ្ទុកយន្តហោះអាមេរិកត្រូវបានច្រានចោល។ ប៉ុន្តែអាមេរិកសង្ឃឹមថា នឹងមាននាវាចម្បាំងផ្សេងទៀតអាចចូលទៅកាន់កោះហុងកុងបានក្នុងរយៈពេលខាងមុខ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីការបរទេសចិនប្រចាំនៅកោះហុងកុងបាននិយាយថា ការចូលទៅកាន់កោះហុងកុង របស់នាវាផ្ទុកយន្តហោះអាមេរិកក្នុងពេលនេះមិនសមស្របនោះឡើយ។
សារព័ត៌មានកោះហុងកុងបានដកស្រង សម្តីមន្ត្រីការបរទេសអាមេរិកប្រចាំនៅកោះហុងកុងបានឲ្យដឹងថា នាវាផ្ទុកយន្ត ហោះUSS John C Stennis មិនទទួលបានការអនុញ្ញាតឲ្យចូលទៅកាន់កំពង់ផែកោះហុងកុងឡើយ។ ជុំវិញបញ្ហានេះមន្ត្រីចិនក៏មិនបានបកស្រាយពីហេតុផលដែលមិន អនុញ្ញាតខាងលើនោះដែរ។
នេះមិនមានជាលើកទីមួយដែលចិន មិនអនុញ្ញាតឲ្យនាវាអាមេរិកចូលទៅកាន់កំពង់ផែកោះហុងកុង។ កាលពីខេវិច្ឆិកា ឆ្នាំ២០០៧ នាវាផ្ទុកយន្តហោះUSS Kitty Hawk ក៏មិនទទួលបានការអនុញ្ញាតឲ្យ ចូលទៅកាន់កោះហុងកុងនោះដែរ។
នាវាផ្ទុកយន្តហោះUSS John C Stennis មានចំណុះដល់ទៅ103.000តោន មានប្រវែង៣៣៣ម៉ែត្រ មាននាវឹក ៣.២០០នាក់ និងយន្តហោះចម្បាំងរាប់ សិបគ្រឿងនៅលើនោះ។ កាលពីថ្ងៃទី១៥ ខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងហ្វីលីពីនបានបំពេញទស្សនកិច្ចនៅលើនាវាផ្ទុកយន្តហោះនោះរយៈពេល២ម៉ោង ពេលដែលនាវាUSS John C Stennis នៅ មិនឆ្ងាយប៉ុន្មានពីប្រទេសហ្វីលីពីន៕