ភ្នំពេញ៖ ទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួន ជាង២៩ម៉ឺននាក់ ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៥ ខែឧសភា ឆ្នាំ២០២២។
ក្រសួងការងារ បានឱ្យដឹងទៀតថា ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមបន្ថែម រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីដែលសម្រាលកូន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចំនួន ២៩៩ ៦៥៧ នាក់ ដោយចំណាយថវិកាសរុបចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល (ប្រមាណ ៣០,១ លានដុល្លារអាមេរិក) ដោយគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ការផ្តល់សាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា “កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ”។ ដោយឡែកសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ១២៨៦៕ដោយ៖សហការី