កម្លាំងទាហានចិនបានធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រដូចធ្វើសង្គ្រាមពិតនៅដែនសមុទ្រចិនខាងកើតជិតកោះតៃវ៉ាន់ ក្នុងពេលដែលការប្រឈមមុខតានតឹងរវាងកោះតៃវ៉ាន់នឹងចិនដីគោកកាន់តែខ្លាំងឡើង។
សារព័ត៌មាន South china morning post បានផ្សាយថា ទីបញ្ជាការតំបន់ភូមិភាគខាងកើត នៃកម្លាំងទាហានចិន នៅថ្ងៃទី ៣ខែឧសភាបានប្រកាសថា សមយុទ្ធធ្វើឡើងនៅតំបន់សមុទ្រចិនខាងកើត ដោយមានយុទ្ធសាស្ត្រពាក់ព័ន្ធនឹងកម្លាំងទាហានជើងទឹករបស់ចិន ទប់ទល់និងវាយប្រហារទៅលើសត្រូវ ។
ការធ្វើសមយុទ្ធមាន១០យុទ្ធសាស្ត្រ ក្នុងនោះមានការពាររយៈចម្ងាយខ្លី វាយប្រហារដោយកាំភ្លើងធំរបស់ទាហានជើងទឹកពីដែនសមុទ្រ តាមដានគោលដៅរបស់សត្រូវ គ្រប់គ្រងការខូចខាតនិងជួយសង្គ្រោះ…។ ការធ្វើសមយុទ្ធនោះដោយមានការចូលរួមពី នាវាចម្បាំងពីរគ្រឿង ប្រភេទ Type-054 និង Type-056។
សមយុទ្ធនេះធ្វើឡើងនៅតំបន់សមុទ្រជិតកោះតៃវ៉ាន់ ។ តាមសារព័ត៌មានចិន SCMP បានផ្សាយថា ការធ្វើសមយុទ្ធនេះជាការប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិកមកលើកោះតៃវ៉ាន់៕ ដោយធីរីណា
រូបថត : WEIBO