ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ លោកនានាយឧត្តមសេនីយ៍ គន់ គីម បានដឹកនាំកងកម្លាំងយោធា និង ប្រជាពលរដ្ឋចុះសម្អាតទឹកបឹងទន្លេ ស ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ «ទន្លេ-ស» គឺជាបឹងមួយដែលអ្នកភូមិ នាំគ្នាហៅថា ទន្លេ ស មានទំហំប្រមាណ ៣០០ម៉ែត្រគុណនឹង២០០ម៉ែត្រ ជាបឹងចម្លែកនៅត្រង់ថា បឹងនេះមិនដែលរីងទឹកម្ដងណាឡើយ ទោះជារដូវប្រាំងក៏ដូចជារដូវវស្សាដែរ គឺទឹកបឹងហាក់ដូចជានៅរាល់ឆ្នាំ ហើយអ្នកភូមិក៏ដូចជាអ្នកស្រុករស់នៅទីនោះមានជំនឿយ៉ាងខ្លាំងទៅលើជំនឿសក្តិសិទ្ធនៃបឹងទន្លេ ស នេះ ។
នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា អាស្រ័យដោយអាកាសធាតុមានភាពក្តៅហួតហែង សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរខេត្តទាំងអស់ រួមនឹងសប្បុរសជន កាកបាទក្រហមកម្ពុជា កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ធ្វើការដោះស្រាយបញ្ហាទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។ ដោយឡែកនៅឃុំគោកខ្ពស់នេះ ដោយមើលឃើញថា បឹងទន្លេ ស ជាប្រភពទឹកមួយយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ លោកនាយឧត្តមសេនីយ៍ គន់ គីម បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះត្រូវរួមគ្នាថែទាំទឹកនេះឲ្យបានល្អ តាមរយៈការរើសសំរាមនៅជុំវិញផ្ទៃបឹង និងមិនត្រូវចុះងូតទឹកនៅក្នុងបឹង ឬបោកសំលៀកបំពាក់នៅក្នុងបឹងនោះឡើយ៕
ដោយ៖ សីលា