ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យអាមេរិកបំផ្លាញឃ្លាំងអាវុធគីមីសាស្ត្រតាមអនុសញ្ញាអាវុធគីមី (CWC) ក្រោយពេលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់រុស្ស៊ីថាមានគម្រោងប្រើប្រាស់អាវុធគីមីសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ។
សារព័ត៌មាន Sputnik បានដកស្រង់ការប្រកាសរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី៦ខែឧសភាថា
«ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានចោទប្រកាន់រុស្ស៊ីដោយគ្មានហេតុផល ថាបានបំពានអនុសញ្ញាស្តីពីអាវុធគីមីសាស្ត្រ ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រុស្ស៊ីមានគម្រោងប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែនដោយមិនមានហេតុផលណាមួយនោះឡើយ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីបានប្រកាសថា រុស្ស៊ីបានបំផ្លាញអាវុធគីមីសាស្ត្រនៅឆ្នាំ២០១៧ ។ ការបំផ្លាញអាវុធគីមីសាស្ត្រ គឺមានការស៊ើបអង្កេតពីអង្គការគ្រប់គ្រងអាវុធគីមីសាស្ត្រ(OPCW)។ ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ទៀតថា
«រដ្ឋាភិបាលអាមេរិក មិនមែនរុស្ស៊ីនោះឡើយ គឺជាប្រទេសដែលបានចូលរួមចុះហត្ថលេខាលើអនុសញ្ញាអាវុធគីមីសាស្ត្រនៅតែមិនទាន់បំផ្លាញអាវុធគីមីសាស្ត្រនៅឡើយទេ»។
អនុសញ្ញាស្តីពីអាវុធគីមីសាស្ត្រ បានចូលជាធរមាននៅឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០២១ មានប្រទេសចំនួន១៩៣ប្រទេសចូលរួមជាសមាជិក ។ អង្គការនេះបានហាមប្រាមជាដាច់ខាតរាល់ការប្រើប្រាស់អាវុធគីមីសាស្ត្រ ក៏ដូចជារក្សាទុកអាវុធដ៏កាចសហាវនេះ៕ ដោយធីរីណា
រូបថត : AP