ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះជិត ២០ខ្នង ឆេះខ្ទេចទាំងស្រុង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតយ៉ឿត្រី គីឡូម៉ែត្រលេខ៩ ប្រមាណ ៧០ម៉ែត្រ ស្ថិតក្នុងក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍ភ្លាមៗ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្ទះមួយខ្នងដែលនៅកណ្ដាលគេ មានអគ្គិភ័យ ឆាបឆេះ ដោយម្ចាស់ផ្ទះបានប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះបង្កឱ្យមាន ការភ្ញាក់ផ្អើលពេញភូមិ ហើយប្រជាពលរដ្ឋ បាននាំគ្នាដងទឹក យកទៅជួយពន្លត់ តែដោយសារ តែស្ថានភាព នៃអគ្គិភ័យ មានទំហំធំពេក មិនអាចគ្រប់គ្រងបាន ទើបបណ្ដាល ឲ្យឆេះរាលដាល ឆ្លងដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរខាង ជាច្រើនខ្នងទៀត បង្កជាអណ្ដាតភ្លើង ឆេះយ៉ាង សន្ធោសន្ធៅ រហូតគ្រប់គ្រងលែងបាន នាំគ្នាប្រមូលយកទ្រព្យសម្បត្តិដែលមានតម្លៃរត់ចេញពីផ្ទះ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍ បាញ់ពន្លត់ទប់ស្កាត់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តជាច្រើនគ្រឿង និងប្រើរយៈពេលអស់ជាង ១ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍ នៃអគ្គិភ័យនេះបាន។
យោងតាមរបាយការណ៍របស់នគរបាលស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រភេទសំណង់ថ្មក្រោមឈើលើ ,ខូចខាតសម្ភារៈ ឆេះផ្ទះថ្មក្រោមឈើលើចំនួន ១៨ ខ្នង។ មូលហេតុ កំពុងបន្តការស្រាវជ្រាវ។ ស្លាប់មនុស្សគ្មាន ,របួសមនុស្សគ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤២ រថយន្ត ស្មើរនឹង ១៦៨ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍៖
- រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៧ គ្រឿង ប្រើប្រាស់អស់ចំនួន ០៧ រថយន្ត ស្មើរនឹង ២៨ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកចំនួន ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ ខែឆ្នាំដដែល៕
ដោយ៖អារុណរះ