អ្នករៀបចំបាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាថា ព្រឹត្តិការណ៍កីឡាAsian Games ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ក្នុងខែកញ្ញាត្រូវបានពន្យារពេលដោយគ្មានកំណត់ ខណៈដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃករណី COVID-19 ។
មិនមានហេតុផលណាមួយត្រូវបានផ្តល់ឱ្យសម្រាប់ការពន្យារពេលនោះទេ ប៉ុន្តែប្រទេសចិនកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងដ៏ធំបំផុតរបស់ខ្លួននៃជំងឺ COVID-19 ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតនេះ។សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានប្រកាសថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ដែលគ្រោងនឹងប្រារព្ធធ្វើនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវបានពន្យារពេល។ សេចក្តីថ្លែងការណ៍បានបន្ថែមថាកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតកីឡានេះនឹងត្រូវបានប្រកាសនៅពេលក្រោយ ។ទីក្រុងម្ចាស់ផ្ទះ Hangzhou ស្ថិតនៅជិតទីក្រុងដ៏ធំបំផុតរបស់ប្រទេសគឺទីក្រុងសៀងហៃ ដែលបានបិទខ្ទប់រយៈពេល១សប្តាហ៍ដែលជាផ្នែកនៃវិធីសាស្រ្តមិនអត់ឱនរបស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច។ អ្នករៀបចំបាននិយាយកាលពីខែមុនថា ទីក្រុង Hangzhou ដែលជាទីក្រុងដែលមានប្រជាជនចំនួន១២លាននាក់នៅភាគខាងកើតប្រទេសចិនបានបញ្ចប់ការសាងសង់កន្លែងប្រកួតចំនួន៥៦សម្រាប់ព្រឹត្តិការណ៍ Asian Games និង Asian Para Games។
នៅពេលនោះពួកគេបានបង្ហាញថា ពួកគេមានគម្រោងរៀបចំព្រឹត្តិការណ៍នេះ ក្រោមផែនការគ្រប់គ្រងមេរោគដែល រៀនពីបទពិសោធន៍ជោគជ័យ នៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងដែលបានប្រារព្ធឡើងកាលពីខែកុម្ភៈក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែនៅតែអាចគ្រប់គ្រងនិងព្រឹត្តិការណ៍ប្រព្រឹត្តទៅយ៉ាងរលូន ៕ (រូបភាព ៖ AFP)