ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកJeepយ៉ាងលឿនបានជ្រុលផ្លូវទៅបុករថយន្តម៉ាកតូយ៉ូតាព្រូស ចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅផ្ទប់នឹងបង្គោលភ្លើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2AS-6331 បើកបរតាមបណ្ដោយផ្លូវលេខ៧០ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ១៦៩ច្រកចូលបឹងកក់ ស្រាប់តែឃើបុរសម្នាក់ បើករថយន្តម៉ាកJeep ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BP-3616 បើកបរតាមបណ្ដោយផ្លូវលេខ១៦៩ចេញពីបឹងកក់ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ឆ្លងផ្លូវទៅបុករថយន្តតូយ៉ូតាព្រូស ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យប៉ើងទៅផ្ទប់នឹងបង្គោលភ្លើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុដោយភាគីទាំង២ សម្រួលគ្នាមិនត្រូវ ទើបមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ