ភ្នំពេញ : នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី សម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៥។
អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានកិត្តិយសសូមជម្រាបជូនដល់អង្គចៅក្រម និង សាធារណជនមេត្តាជ្រាបថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៥ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន០៨ ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ និងសម្រេច លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម។
របៀបវារៈទី២៖ ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រម មួយចំនួន។
របៀបវារៈទី៣៖ ពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
របៀបវារៈទី៤៖ ពិនិត្យ និងសម្រេច បោះឆ្នោតជ្រើសតាំងសមាជិក ០១រូប នៃក្រុមប្រឹក្សាធម្មនុញ្ញ។
របៀបវារៈទី៥៖ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ និងនិយ័តកម្មឋានន្តរស័ក្តិ ចំពោះចៅក្រម និងព្រះរាជអាជ្ញា។
របៀបវារៈទី៦៖ពិនិត្យ និងសម្រេច អំពីការបន្តការងាររបស់អគ្គព្រះរាជអាជ្ញារង ០១រូប នៃមហាអយ្យការ អមតុលាការកំពូល ដែលមានអាយុចាប់ពី ៦៥ឆ្នាំ។
របៀបវារៈទី៧៖ពិនិត្យ និងសម្រេច លើសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម ០១រូប នៃសាលាដំបូងខេត្តស្ទឹងត្រែង។
របៀបវារៈទី៨: បញ្ហាផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អង្គចៅក្រម និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕