ភ្នំពេញ : នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ ថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនដែលអញ្ជើញមកពីប្រទេសចិនទាក់ទងនឹងកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត។
បន្ទាប់ពីបានធ្វើគារវកិច្ចរួច លោករដ្ឋមន្ត្រីបានជ្រាបពីគោលបំណងចំបងរបស់គណ:ប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងជាពិសេសអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្រ្តីគឺដើម្បីធ្វើការស្វែងយល់ និងស្នើសុំកាណែនាំបន្ថែមទាក់ទងការវិនិយោគលើដំណាំកាហ្វេ (ដាំ កែច្នៃ ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស)។ ចំពោះកម្មវត្ថុនៃការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រ ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មកាហ្វេកម្ពុជា ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ។ លោករដ្ឋមន្ត្រី បានជូនយោបល់ដល់គណ:ប្រតិភូថាផលិតកម្មកាហ្វេ មានសក្តានុពលនៅខេត្តមណ្ឌលគីរី ហើយបើមានឱកាសអញ្ជើញទៅសិក្សាពីលក្ខខណ្ឌអំណោយ ផលនៃផលិតកម្មនេះ និងជួបពិភាក្សាជាមួយសហគមន៍កាហ្វេបើអាច អំពីកិច្ចសហការរវាងក្រុមហ៊ុន និងសហគមន៍ ធ្វើការអនុវត្តផលិតកម្មកសិកម្មតាមកច្ចសន្យា។ ចំពោះការងារលម្អិត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យគណ:ប្រតិភូធើ្វការណាត់ជួបជាមួយ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ នាឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យគណ:ប្រតិភូធ្វើការសិក្សាពីសក្តានុពលនៃវិស័យវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ ដើម្បីធ្វើការវិនិយោគជាខ្សែច្រវាក់ផលិតកម្មតែម្តង និងនាំចេញ ៕
ដោយ : សិលា