នារីរូបស្រស់បើករថយន្តស៊េរីទំនើបបុករះដើមឈើនិងកន្លែងលក់បន្លែ លក់គុយទាវ បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ដែលបើកបរដោយនារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតបានរេចង្កូតទៅបុករះដើមឈើមួយដើមបាក់រាបដល់ដី រួចហើយបន្តទៅបុកកន្លែងលក់បន្លែ កន្លែងលក់គុយទាវ បណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសដោយរលាកទឹកស៊ុប និងធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ នៅខាងត្បូងស្តុកអាងទឹកប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2V-6686 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកដើមឈើមួយដើមបណ្ដាលឱ្យបាក់រាបដល់ដី រួចបន្តទៅបុកកន្លែងលក់បន្លែនិងកន្លែងលក់គុយទាវ រងខូចខាតសម្ភារលក់ដូរខ្ទាត រាយប៉ាយពេញផ្លូវ និងធ្វើឲ្យក្មេងប្រុសម្នាក់រងរបួសដោយសារខ្ទាតទឹកស៊ុបរលាក។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ដោយភាគីបង្កសុំធ្វើការសម្រុះសម្រួលគ្នាជាមួយខាងភាគីលក់បន្លែនិងកន្លែងលក់គុយទាវ ព្រមទាំងតំណាងក្មេងរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ ប៉ុន្តែនៅឡើយដើមឈើដែលជាសម្បត្តិរដ្ឋ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print