ខេត្តកំពង់ធំ៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយរួមសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងមានសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានចុះ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើនៅត្រង់ចំណុចភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយការដឹកជញ្ជូនបទល្មើសព្រៃឈើនេះគឺជាឈើអារប្រភេទក្រោមលំដាប់ថ្នាក់ប្រភេទស្ងាវឬខ្ទីងចំនួន ១៣៥សន្លឹកស្មើនិង១ម៉ែត្រគូប៦២០ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលចាប់រថយន្តដឹកបទល្មើសនេះបានគឺសមត្ថកិច្ចបានដេញប៉ផាប់ចាប់ពភីងរថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-5052 ដែលកំពុងធ្វើសកម្មភាពដឹកឈើអារ។
អ្នកបើកបររថយន្តដឹកឈើឈ្មោះហេង ប៊ុនហ៊ាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅបច្ចុប្បន្ននៅភូមិអូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ។
ក្រោយពិនិត្យរួចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើការដឹកជញ្ជូនផលអនុផលឈើប្រាកដមែន។ សមត្ថកិច្ចបាននាំឈ្មោះហេង ប៊ុនហ៊ាង ទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីបំពេញបែបបទតាមនីតិវិធីនិងបាននាំយកវត្ថុតាងខាងលើទៅកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងហើយប្រគល់ជូនលោក ទូច សុខគីម មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទោងជាអ្នកទទួលថែរក្សាបណ្ដោះអាសន្ន រង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ៕
ដោយ៖ សុរិយា