នាយឧត្តមសេនីយ៍ វង្ស ពិសេន រម្លឹកដល់កងកម្លាំងប្រដាប់អាវុធ បន្តលើកកម្ពស់មនសិការស្នេហាជាតិ រួមកម្លាំងសាមគ្គីការពារសន្តិភាព ទប់ស្កាត់រាល់ល្បិចកលបង្កអស្ថិរភាពសង្គម

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រម្លឹកដល់កងកម្លាំងប្រដាប់អាវុធបន្តលើកកម្ពស់មនសិការស្នេហាជាតិ រួមកម្លាំងសាមគ្គីការពារសន្តិភាព និងទប់ស្កាត់ទាន់ពេលរាល់ល្បិចកលបង្កអស្ថិរភាពដល់សង្គមជាតិ។

តាមរយៈការចុះផ្តល់អាវភ្លៀងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងទ័ពនៅបញ្ជាការដ្ឋានកងវិស្វកម្ម យោធភូមិភាគពិសេស និងកងឯកភាពមួយចំនួនទៀតចំណុះអគ្គបញ្ជាការដ្ឋានកាលពីម្សិលមិញ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើការពន្យល់ពីគុណតម្លៃ នៃសន្តិភាព ដែលរកបានដោយលំបាក និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេស។

«សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែថែរក្សាការពារឲ្យបានគត់មត់ មិនអនុញ្ញាតឲ្យកម្លាំងណាមកបំផ្លាញបានឡើយ», នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានលើកបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ពិសេសការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពសាំ ធ្វើឲ្យការឆ្លងមានសភាពធូរស្រាល និងកំពុងបើកសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ ។

ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវសិក្សាស្វែងយល់ច្បាស់លាស់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោត និងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាផ្សេងៗកើតឡើង៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print