កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដោយរំពឹងថាឆ្នាំនេះនឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣%

ចែករំលែក៖

ភ្នំពេញ÷  ធនាគារ​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាលបានចាត់វិធានការគ្រប់គ្រងបានទាន់ពេលវេលា ជា ពិសេសការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាជនបានជាង ៩០% ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ កត្តាទាំងនេះនឹងធ្វើឱ្យកម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣% ដែលគាំទ្រដោយកំណើនក្នុងវិស័យ កម្មន្តសាល (៩,៦%) វិស័យសំណង់ (១,២%) វិស័យកសិកម្ម (១,២%) និងវិស័យទេសចរណ៍ដែលត្រូវបានរំពឹងថានឹងមានកំណើនវិជ្ជមាន (៦%) បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន។

អតិផរណារំពឹងថានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃ ម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែល មានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។

គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១% ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។

នេះបេីតាម​លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារ ជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុង​ជំនួប​ជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជាជួបពិភាក្សាការងារនៅ ធនាគារជាតិ នៃកម្ពុជា។ ជារៀងរាល់ឆ្នាំ ក្រុមបេសកកម្មរបស់ IMF តែងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីតាមដាននិងវាយតម្លៃនូវការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែត្រូវអាក់ខានក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយកិច្ចការនានាត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញជំនួសវិញ។ ស្របពេលដែលជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល និងការបើកប្រទេសឡើងវិញ ក្រុមបេសកកម្មរបស់ IMF នឹងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័ន និងនឹងអាជ្ញាធរពាក់ព័ន្ធចាប់ពីថ្ងៃទី៩ -១៦ ខែឧសភា ឆ្នាំ២០២២។

លោកទេសាភិបាលរង បានជម្រាបជូនក្រុមបេសកកម្មថា ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរជាលំដាប់ ដោយលោកទេសាភិបាលរង ក៏បានថ្លែងអំណរគុណដល់ IMF ដែលបានគាំទ្រ ធនាគារជាតិនៃកម្ពុជា តាម រយៈ ការបណ្តុះបណ្តាល និងការផ្តល់ជំនួយបច្ចេកទេស ទាំងរយៈពេលខ្លីនិងវែង។ ក្នុងរយៈពេលកន្លងមក ធនា គារជាតិនៃកម្ពុជាបានទទួលជំនួយបច្ចេកទេសលើ ការត្រួតពិនិត្យប្រព័ន្ធធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។

ជារួមមក លោកទេសាភិបាលរង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួយបច្ចេកទេសរបស់ IMF កន្លងមក និងបានស្នើសុំ IMF បន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ននិងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាពនិងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាពនិងបរិយាបន្ន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print