ភ្នំពេញ ៖ កន្លងមកនគរបាលជាតិប្រើប្រាស់បណ្តាញអ៊ុបតិច និង Internet គឺពឹងពាក់ក្រុមហ៊ុនឯកជនបរទេសជិតខាង និងមានភាពស្មុគស្មាញច្រើន ហើយការរក្សាការសម្ងាត់ក៏ផុយស្រួយ ។ នេះជាថ្លែង របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅលើ facebook ផ្លូវការរបស់លោក។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា, ថ្ងៃនេះ ម៉ោងនេះ ក្រោយកិច្ចចរចារដ៏យូរ អ្វីៗបានផ្លាស់ប្តូរ ក្រសួងប្រៃសណីយ៍កម្ពុជា បានជួយជ្រោមជ្រែងផ្តល់អ៊ុបតិចពិសេសមួយ ដែលធានាការប្រើប្រាស់កំរិតស្តង់ដាខ្ពស់បំផុតដល់នគរបាលជាតិកម្ពុជា ។ នគរបាលនឹងប្រើប្រាស់វាជាបណ្តាញគ្រប់គ្រងកាមេរាសុវត្ថិភាពថ្មី និងប្រព័ន្ធវិទ្យុទាក់ទងឌីជីថលថ្មី ដែលធានាកិច្ចការសម្ងាត់ខ្ពស់ជាងពេលមុនៗ ពិសេសជនជាតិខ្មែរ កូនខ្មែរជាអ្នកគ្រប់គ្រងផ្ទាល់តែម្តង ។ អរគុណបងប្រធាន និយ័តករទូរគមនាគមន៍កម្ពុជា ដែលជួយបង្កើតរឿងអច្ឆរិយៈនេះកើតឡើង ។
សូមបញ្ជាក់ថា, កន្លងទៅលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង បានថ្លែងថា, ការអនុវត្តច្បាប់គួរត្រូវអនុវត្តឱ្យមានតម្លាភាព យុត្តិធម៌ ហើយអ្នកឈរទីតាំងខ្ពស់ជាងគេគួរជាគំរូ និងឈានមុខគេ ។ ការអប់រំ ការផ្សព្វផ្សាយ ការពន្យល់ខ្ញុំបានធ្វើរួចរាល់ហើយ ខ្ញុំគ្មានពេលវេលារងចាំអ្នករញ៉េរញ៉ៃទេ ។ បើខ្ញុំធ្វើខុស ខ្ញុំនឹងទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព ។ ខ្ញុំថា ត្រូវតែរើសឱ្យស្អាត ឱ្យលឿនបំផុតដោយខ្លួនឯង ជាជាងបង្ខិតបង្ខំ ។
លោកបន្តថា, វិទ្យុទាក់ទង ជាមធ្យោបាយមួយសម្រាប់ទំនាក់ទំនងផ្តល់ព័ត៌មានលឿន និងជាក្រុម ហើយមិនថាកម្លាំងប្រដាប់អាវុធ ឬអង្គភាពស៉ីវិលត្រូវការចាំបាច់មិនអាចខ្វះបាន ក៏ប៉ុន្តែបើការប្រើប្រាស់នគរបាលមិនអាចគ្រប់គ្រងបាន នោះវិបត្តិស្មានមិនដល់ក៏នឹងកើតមានឡើងគ្មាននរណាទាយមុនត្រូវ ។ ជនស៉ីវិលខ្ញុំថាអាចប្រើបាន ប៉ុន្តែត្រូវនគរបាលគ្រប់គ្រង ។
ការនិយាយនេះ លោកចាត់ទុកជា សារជូនបងប្អូនស្រលាញ់វិទ្យុទាក់ទងទាំងឡាយ ៕