ខេត្តកណ្ដាល៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលខេត្តកណ្ដាល បានចុះណែនាំទីតាំងសិប្បកម្មផ្សារដែកមួយកន្លែង នៅក្នុងក្រុងតាខ្មៅ ក្រោយពលរដ្ឋជិតខាងប្ដឹងរឿងបង្កសម្លេងរំខានរៀងរាល់ថ្ងៃ។
ជាក់ស្ដែងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តយសសូមបកស្រាយបំភ្លឺជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដោយមានខ្លឹមសារថា “សូម គោរពដល់លោកស្នងការខេត្តកណ្តាល សូមមេត្តាជួយមានវិធានការចំពោះ សិប្បកម្មផ្សារដែកមួយកន្លែង នៅក្នុងទីក្រុង ទីប្រជុំជន ជាប់សាលារៀនរំលងតែមួយផ្ទះទេ ដែលមាន ទីតាំងនៅក្បែរសាលារៀនខ្មែរចិនហ៊ុនសែន ហេងតុង ពិតជាមានការរំខានខ្លាំងណាស់ ដោយសារតែ សំឡេង កាត់ដែក ឆាបដែក ផ្សារដែក និងសំឡេងម៉ាស៊ីនបាញ់ថ្នាំ ព្រមទាំងក្លិនផងដែរ ដែលធ្វើសកម្មភាព រាល់ថ្ងៃគ្មាន ម៉ោងសម្រាក ថ្ងៃសម្រាក សូម្បីតែ ថ្ងៃ សៅរ៍ អាទិត្យ ឬថ្ងៃបុណ្យក៏នៅតែធ្វើសកម្មភាពដែរ ដោយមិនគិតថាសិប្បកម្មផ្សារដែកដែលមានការរំខានគេគឺតម្រូវអោយបើកនៅក្រៅក្រុង ឬកន្លែងស្ងាត់គ្មានផ្ទះប្រជាជនរស់នៅកុះករឡើយ។
ហើយសំឡេងរំខាននេះ បានធ្វើឲ្យអ្នករស់នៅជុំវិញ មិនថាក្រុមគ្រួសារខ្ញុំ សិស្សានុសិស្ស មនុស្សចាស់ជរា ក្មេងៗតូចៗ និងអ្នកលក់ដូរក្បែរនោះ មិនអាចទ្រាំទទួលយកបានតទៅទៀតទេ ពិតជាថ្លង់និងរំខានខ្លាំងណាស់ ហេតុដូចនេះហើយសូម លោក ស្នងការមេត្តា ជួយសម្រួលដោយក្តីអនុគ្រោះផង។ សូមអរគុណ🙏” ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោស្នងការ ចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើ់យតបករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយនឹងលោកប្រធានភូមិតាខ្មៅ៣ ចុះទៅដល់ទីតាំងដែលបានរាយការណ៍ខាងលើ ស្ថិតនៅក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាដើម្បីកំណត់ពេលវេលាចំពោះការផ្សារដែកឲ្យបានច្បាស់លាស់ ព្រមទាំងបិទបាំងការពារក្លុិនបាញ់ថ្នាំ ជៀសវាងមានការរំខាន និងក្លិនថ្នាំប៉ះពាល់ដល់អ្នកជិតខាង ហើយម្ចាស់ទីតាំងក៏យល់ព្រមឯកភាពជាមួយនឹងក្រុមការងាររបស់យើងផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី