សហរដ្ឋអាមេរិក ៖ ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង២ពាន់នាក់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកការពារប្រជាជនកម្ពុជាពីការគំរាមកំហែង និងប្រាប់ឱ្យពលរដ្ឋខ្មែរដែលនៅអាមេរិកដែលគាំទ្ររាជរដ្ឋាភិបាលក្រោកឈរប្រឆាំងនឹងការគំរាមកំហែងដែលថា រដ្ឋាភិបាលអាមេរិកនឹងដកសញ្ជាតិអាមេរិចកាំងពីអ្នកដែលគាំទ្ររដ្ឋាភិបាលកម្ពុជា។ សម្ដេចក៏ជំរុញដល់ពលរដ្ឋអាមេរិកឱ្យទៅសួរអ្នកតំណាងរាស្ត្រក្នុងរដ្ឋរបស់ខ្លួនឱ្យបកស្រាយពីការបំភ័យនេះផងដែរ។ ក្នុងនោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហៅពលរដ្ឋខ្មែរសញ្ញាតិអាមេរិកដែលគាំទ្ររាជរដ្ឋាភិបាលឱ្យងើបឡើងដើម្បីការពារនូវសេរីភាពរបស់ខ្លួននៅអាមេរិក ចំពោះការបំភិតបំភ័យថាអាមេរិកនឹងដកសញ្ជាតិអាមេរិចកាំងពីពលរដ្ឋខ្មែរណាដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោថា៖ «អ្នកមួយចំនួននិយាយថារដ្ឋបាលរបស់លោក ហ៊ុន សែន គំរាមបក្សនេះបក្សនោះ ក៏ប៉ុន្ដែកន្លងទៅអ្នកណាថាអ្នកណាគាំទ្រ ហ៊ុន សែន អ្នកណាគាំទ្រ CPP អ្នកណាគាំទ្ររដ្ឋាភិបាល អាមេរិកនឹងដកសញ្ជាតិបណ្ដេញទៅកម្ពុជាវិញ! តើនេះជាប្រភេទនៃការគំរាមកំហែងឬអត់? ដល់ពេលដែលបងប្អូនយើងងើបឈរឡើងដើម្បីការពារសេរីភាពរបស់ខ្លួនលើទឹកដីអាមេរិក បង្ហាញឡើង! ខ្ញុំនិយាយនេះ ខ្ញុំមានកាតព្វកិច្ចដើម្បីការពារជនរួមជាតិទាំងអស់ ហេតុអ្វីដែលបងប្អូនយើងមករស់នៅលើទឹកដីដែលគេហៅថាទឹកដីនៃបិតាប្រជាធិបតេយ្យ បែរជាត្រូវទទួលការគំរាមកំហែងបែបនេះ? ច្បាប់អាមេរិកចែងនៅត្រង់ណាទៅ»។
សូមបញ្ជាក់ថា, កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងវេទិការរបស់ខ្លួននៅអាមេរិកលោក សម រង្ស៊ី បានលើកឡើងថា លោកចង់ស្នើនិងរំពឹងថារដ្ឋាភិបាលអាមេរិចនឹងដកសញ្ជាតិអាមេរិកកាំងពីប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយថាច្បាប់សហរដ្ឋអាមេរិក គឺសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសញ្ជាតិពីរ ដែលមានសញ្ជាតិខ្មែរផង និងសញ្ជាតិអាមេរិចកាំងផង អាចនឹងត្រូវរដ្ឋាភិបាលអាមេរិកដកហូតសញ្ជាតិពីពួកគេ។
សម្ដេចតេជោ ហ៊ុន សែន កាលពីក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បានមានប្រសាសន៍ថា ការប្រកាសដកសញ្ជាតិអាមេរិកកាំងពីពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលកម្ពុជាគឺជាការបង្ហាញពីភាពគ្មានប្រជាធិបតេយ្យរបស់អាមេរិក និងស្នើដល់ពលរដ្ឋខ្មែរនៅអាមេរិកឱ្យតវ៉ាសួរនាំពីរឿងនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងដោយកោតសរសើរលោក កឹម សុខា ថាឆ្លាតក្នុងការធ្វើនយោបាយក្នុងពេលដែលលោកបានចូលរួមរំលែកទុក្ខសម្ដេចតេជោ ចំពោះមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតទី២ របស់សម្ដេច ខណៈចាត់ទុកលោក សម រង្ស៊ី ថាជាមនុស្សល្ងង់មិន មិនចេះធ្វើនយោបាយ បាត់ឱកាសចូលស្រុកវិញ។
ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាជាង ២ពាន់នាក់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងពេលដែលបងប្រុសរបស់សម្ដេចទទួលមរណភាព ប្រសិនជាលោក សម រង្ស៊ី ផ្ញើលិខិតរំលែកទុក្ខជូនសម្ដេចស្នើនឹងរុញសម្ដេចឱ្យឆ្លើយតប ដែលនឹងជាសញ្ញាវិជ្ជមានដែលអាចឱ្យត្រលប់ចូលកម្ពុជាវិញបាន។
សម្ដេចតេជោបន្តថា៖ «សូមអរគុណដែលលោកឯងល្ងង់! ឱកាសនយោបាយអ្នកឯងមាន ប៉ុន្ដែដោយសារអ្នកឯងស្អប់ខ្ញុំ កីឡាករ កីឡាការិនីឈ្នះអ្នកឯងក៏មិនអបអរសាទរម្ដាយខ្ញុំស្លាប់បងខ្ញុំស្លាប់ក៏អ្នកឯងមិនចូលរួមមរណទុក្ខ ខ្ញុំអរគុណអ្នកឯងណាស់! អញ្ចឹងលទ្ធផលទាំងអស់ល្មមនឹងអ្នកឯងទទួលទៅ! ខ្ញុំអត់នឹងស្មានថាអ្នកនយោបាយមួយចំនួនល្ងង់ដល់ប៉ុនហ្នឹងទេ។ អ្នកដែលឆ្លាតគឺ កឹម សុខា សរសើរវិញអ្នកដែលឆ្លាតគឺ កឹម សុខា»។
សម្ដចបន្ថែមថា បើទោះបីជាសម្ដេចនិងលោក កឹម សុខា មាននយោបាយខុសគ្នាក៏ប៉ុន្ដែសម្ដេចបានគោរពនូវទង្វើររបស់លោក កឹម សុខា ដែលបានចូលរួមចែករំលែកទុក្ខសម្ដេចតេជោក្នុងពេលដែលទទួលដំណឹងពីមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង។
សម្ដេចបន្ថែមថា៖ «បើទោះបីជាគាត់និងខ្ញុំមាននយោបាយខុសគ្នាក៏ដោយក៏ប៉ុន្ដែខ្ញុំគោរពដល់គាត់នូវអ្វីជាទង្វើរបស់គាត់។ គាត់សរសេរតាម Whatapp មកខ្ញុំៗឆ្លើយហើយគាត់សួរថាខ្ញុំអាចមកគោរពវិញ្ញាណក្ខន្តបានទេ? ខ្ញុំឆ្លើយទៅវិញថាអញ្ជើញ។ ដល់មកជក់មាត់និយាយជាមួយគ្នាដល់៤ម៉ោង»។
ជាមួយគ្នានេះសម្ដេចតេជោក៏បានបង្ហើបពីករណីលោក កឹម សុខា នៅតុលាការផងដែរ ខណៈដែលសម្ដេចថាប្រសិនជាសម្ដេចជាចៅក្រមប្រសិនជាមានការស្នើសុំពីលោក កឹម សុខា ចេញទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាព ឬជួបគ្រួសារសម្ដេចនឹងអនុញ្ញាត។ តែទោះជាយ៉ាងណាសម្ដេចមិនលូកលាន់ដល់ការសម្រេចរបស់តុលាការទេ តែនេះគឺគ្រាន់តែជាគំនិតរបស់សម្ដេចប៉ុណ្ណោះ។
សូមរម្លឹកថា, នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបដើម្បីសម្តែងមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម
និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាម Channel Telegram ផ្លូវការរបស់សម្តេចតេជោ មានឈ្មោះ Prime Minister Hun Sen ដែលមានតំណ https://t.me/spmhunsen Unistigem ខែឧសភា ឆ្នាំ២០២២ និងបានបង្ហោះនូវព័ត៌មានមួយចំនួនពី សកម្មភាពសម្ដេចរួចផងដែរ។
សូមបញ្ជាក់ថា, នៅមុនដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក កឹម សុខា បានផ្ញើសារជូនសម្តេចតេជោ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ផងដែរ។
តាមរយៈសារចូលរួមរំលែកទុកនោះ លោក កឹម សុខា បង្ហាញពីសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងមរណភាពនេះ។ លោកបានបញ្ជាក់បន្ថែមថា៖ «ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ ៕