រុស្ស៊ីផ្លាស់ប្តូរគោលជំហរចាត់ទុកការចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែន ដូចជាចូលសមាជិកណាតូដែរ

ចែករំលែក៖

លោក Dmitry Polyanskiy អនុប្រធានគណៈប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថា រុស្ស៊ីបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនស្តីពីប្រទេសអ៊ុយក្រែន ដោយចាត់ទុកការចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែន ដូចជាការចូលជាសមាជិកណាតូដូច្នេះដែរ។ លោកបន្តទៀតថា ពីមុនរុស្ស៊ីមិនបារម្ភពីការចូលជាសមាជិកសហគមន៍អឺរ៉ុបរបស់អ៊ុយក្រែននោះឡើយ ប៉ុន្តែពេលនេះរុស្ស៊ីបានផ្លាស់ប្តូរគោលជំហរនេះហើយ។

ក្រៅពីអ៊ុយក្រែន រុស្ស៊ីក៏បានព្រមានដល់ប្រទេសហ្វាំងឡង់ដែលបានដាក់លិខិតសំុចូលជាសមាជិករបស់ណាតូ ដោយចាត់ទុកថានោះជាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា វិមានក្រឹមឡាំង នៅថ្ងៃទី១៣ខែឧសភា បានឱ្យដឹងថា ការជំរុញឱ្យហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូ (NATO) គឺជាសកម្មភាពដែលនាំឱ្យមានការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៉ី ហើយទីក្រុងមូស្គូនឹងធ្វើការឆ្លើយតបវិញ ដោយអាស្រ័យលើការចល័តទ័ពរបស់ NATO ឆ្ពោះទៅកាន់ព្រំដែនហ្វាំងឡង់-រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ហ្វាំងឡង់កំពុងប្រកាន់យកជំហរអមិត្ត ដូចគ្នានឹងជំហររបស់សហភាពអឺរ៉ុបចំពោះប្រទេសរបស់យើង។ ដូច្នេះ វានឹងក្លាយជាហេតុផលមួយដែលយើងនឹងត្រូវចាត់វិធានការឆ្លើយតបវិញ»។
លោក Dmitry Peskov មិនបានបញ្ជាក់ថា តើរុស្ស៉ីនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ តែក្រសួងការបរទេសរុស្ស៉ី បានអះអាងថាមូស្គូនឹងប្រើវិធានការឆ្លើយតបទាំងផ្នែកបច្ចេកទេសយោធា និងតាមលក្ខខណ្ឌផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិសុខជាតិដែលអាចកើតមាន ហើយទីក្រុង ហែលស៊ិនគី ត្រូវតែដឹងអំពីទំនួលខុសត្រូវ និងផលវិបាកនៃសកម្មភាពរបស់ខ្លួននេះ។
ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរបស់ពួកគេត្រូវតែដាក់ពាក្យសុំចូលរួមជាមួយបក្សសម្ព័ន្ធយោធានេះ ដោយគ្មានការពន្យារពេលឡើយ ខណៈដែលស៊ុយអែតត្រូវបានគេរំពឹងថានឹងប្រកាសពីការសម្រេចចិត្តដូចហ្វាំងឡង់ក្នុងពេលឆាប់ៗនេះ។ តែប្រធានាធិបតី
រុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងថា សង្រ្គាមនៅអ៊ុយក្រែនធ្វើឡើងគឺដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ NATO ទៅកាន់ព្រំដែនរបស់រុស្ស៊ី៕ ដោយធីរីណា

...


រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print