សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល៧០ ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ : សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៩ព្រះវស្សា យាងចូល ៧០ ព្រះវស្សា ទូលព្រះបង្គំ និងសមាជិក សមាជិកា នៃរដ្ឋសភា សូមលំឱនកាយថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខ ភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ សម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រជារាស្ត្រ។

ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គ ទ្រង់ជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ក្នុងការ បំពេញព្រះរាជកិច្ចដ៏មហាធំធេង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងកូនចៅប្រជារាស្ត្រ ឆ្ពោះទៅវឌ្ឍនភាព វិបុលភាព ភាព សម្បូរសប្បាយ ដើម្បីប្រជារាស្ត្រ រស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ កិត្តិយស សុភមង្គល និងរុងរឿងថ្កុំថ្កើងជានិច្ច។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងគុណបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណ ក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយអភិបាល ថែរក្សា ការពារថ្វាយ ព្រះករុណា ថ្លៃវិសេស ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តី ភាពដ៏ស្មោះស្ម័គ្របំផុត អំពីទូលព្រះបង្គំយើងខ្ញុំ។

សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print