ទួរគីអនុញ្ញាតឲ្យអាមេរិកប្រើ​បន្ទាយ​ជើងអាកាសក្នុងសកម្មភាពប្រឆាំងក្រុមរដ្ឋអិស្លាម

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីអាមេរិកបានថ្លែងថា ប្រទេសទួរ​គី​បានអនុញ្ញាតឲ្យយន្តហោះចម្បាំង​អាមេរិក​ធ្វើសកម្មភាពវាយប្រហារ​ប្រឆាំង​ទៅលើក្រុមរដ្ឋអិស្លាម IS ពីបន្ទាយ​ជើងអាកាស Incirlik មានមូលដ្ឋាន​នៅភាគខាងត្បូង​របស់ប្រទេសទួរគី ។

ទីក្រុងអេងការ៉ា និងទីក្រុងវ៉ាស៊ីនតោន​បានឈានដល់កិច្ចព្រមព្រៀង​ជាមួយគ្នា បន្ទាប់ពីកិច្ចពិភាក្សា​រយៈពេល​ច្រើនខែ​កន្លងមក ក៏ដូច​ជាការប្រកាស​ឲ្យដឹង​ក្រោយរយៈពេលមួយថ្ងៃដែល​ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបាម៉ា បានថ្លែងពិភាក្សាស្តីអំពីវិបត្តិ​ក្រុមរដ្ឋអិស្លាម​ជាមួយសមភាគីទួរគី លោក រីជីព តៃយីប អ៊ីដូហ្គាននោះ ។

ថ្លែង​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ មន្ត្រីក្រសួងការពារជាតិអាមេរិកមួយបានថ្លែង​ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការប្រើប្រាស់បន្ទាយ​ទួរគី ដូចជាបន្ទាយជើងអាកាស Incirlik នោះជាសកម្មភាពមួយជួយជំរុញ​ឲ្យ​ប្រតិបត្តិការ​របស់កម្លាំងសម្ពន្ធមិត្ត​កាន់តែមានប្រសិទ្ធភាព ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅលើ​ក្រុម​រដ្ឋអិស្លាម ISIL ។

កិច្ចព្រមព្រៀង​នេះ​បានកើតឡើង​ផងដែរ​ស្របពេល​ដែល​យោធា​ទួរគី​ក៏មានសកម្មភាពទប់ស្កាត់​ក្រុម​ភេរវកម្ម​រដ្ឋអិស្លាមIS ដែលស្ថិតនៅតាមព្រំដែនជាប់ជាមួយប្រទេសស៊ីរីផងដែរ ហើយដែល​កំពុងតែ​រីកសាយភាយ​ជម្លោះកាន់តែធំឡើង​នោះ។ ក្រុមរដ្ឋអិស្លាម​បានដណ្តើមគ្រប់គ្រងដែនដីភាគច្រើន​របស់ស៊ីរី និងអ៊ីរ៉ាក ។

ប្រទេសទួរគី​មានព្រំដែនប្រវែង៨០០គីឡូម៉ែត្រ​ជាប់ជាមួយស៊ីរី​ និងនៅព្រំដែនភាគខាងត្បូង​ ជុំវិញទីតាំង​នោះ​គឺជាទឹកដីដែល​កំពុងគ្រប់គ្រងកាន់កាប់ដោយផ្ទាល់របស់ក្រុមរដ្ឋអិស្លាម ។ អាមេរិក​បានធ្វើប្រតិបត្តិការ​ទាំង​យន្តហោះមានមនុស្សបើក និងទាំងយន្តហោះគ្មានមនុស្សបើក​ដើម្បីវាយប្រហារ​ពីលើដែនអាកាសក្នុងគោល​ដៅ​ទៅលើក្រុមរដ្ឋអិស្លាម IS  ប៉ុន្តែ​កាលពីពេលកន្លងមក​មិនត្រូវបានអនុញ្ញា​ប្រើប្រាស់​បន្ទាយ​កងទ័ពជើង​អាកាស​ទួរគី​ដែលជាសម្ពន្ធមិត្តរបស់អង្គការណាតូ​នោះឡើយ ។

ស្រ្តីអ្នកនាំពាក្យ​ក្រសួងការពារជាតិអាមេរិក លោកស្រី Laura Seal បានថ្លែងថា យើងបានសម្រេចចិត្ត​ធ្វើ​ប្រតិបត្តិការរបស់យើង​ឲ្យកាន់តែខ្លាំងក្លាថែមទៀត​ប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម ISIL  ការខិតខំប្រឹងប្រែង​របស់យើង​គឺដើម្បីលើកស្ទួយសន្តិសុខ និងស្ថិរភាព​នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយភារកិច្ចរបស់យើង​​នឹងនាំ​មក​នូវដំណោះស្រាយនយោបាយ​ក្នុងជម្លោះប្រទេសស៊ីរី ។

ជម្លោះនៅក្នុងប្រទេសស៊ីរី​គឺជាការគំរាមកំហែងយ៉ាងខ្លាំងក្លាបំផុត​ដល់កងកម្លាំងយោធា​ទួរគី និងក្រុមឧទ្ទាម​រដ្ឋអិស្លាម IS ដែលបានចាប់ផ្តើមធ្វើសកម្មភាពដណ្តើមទឹកដីគ្រប់គ្រង​នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាប់ព្រំ​ដែន​ទួរគី​កាលពីឆ្នាំ២០១៣​កន្លងមកនោះ។ ក្រុមឧទ្ទាម​បានសម្លាប់​ទាហានទួរគី​ដែល​ឆ្លងកាត់ព្រំដែន​ ។

កាលពីដើមសប្តាហ៍​នេះ មនុស្ស៣២នាក់បានបាត់បង់ជីវិត​ដោយសារតែ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅទីក្រុង​ទួរគី​មួយដែលនៅជាប់ព្រំដែន​ជាមួយស៊ីរី ។ ការវាយប្រហារនេះ​ត្រូវគេបន្ទោស​ទៅលើក្រុម​រដ្ឋអិស្លាម IS ហើយដែលនាំឲ្យមានអំពើហិង្សាកញ្ជ្រោលឡើង​នៅ​ភាគខាងត្បូង​ទួរគី​ដែល​មានក្រុម​ឃើដ​រស់នៅភាគច្រើនគ្រប់គ្រងដោយទួរគីនោះ។

លោកស្រី Seal បានថ្លែងថា ក្នុងនាមជាសម្ពន្ធមិត្ត យើងបានដឹងថា មានការគំរាមកំហែងខ្លាំង​ណាស់​នៅ​តាម​ព្រំដែន​ប្រទេសទួរគី​។ យើងនៅតែមានការប្តេជ្ញាការពារទួរគី និងធ្វើការជាមួយប្រទេសទួរគីដើម្បី ពង្រឹងទំនាក់ទំនងរបស់យើងប្រឆាំងការគំរាមកំហែងពីក្រុមបណ្តាញភេរវកម្ម ៕

...

turkey-meeting

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print