ខេត្តស្វាយរៀង:លោកទីវសុភា ប្រធានមន្ទីធម្មការ និងសាសនាខេត្តស្វាយរៀងបានអោយដឹងថា
នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
ដោយយោងតាមសេចក្តីណែនាំលេខ:១៣/២២ កធស.សណន ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីការរៀបចំបុណ្យពិសាខបូជា ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ របស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំរបស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនោះ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា បានយ៉ាងឱឡារិក សាកសមជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកទីវសុភា បានបន្តថា
ដោយឡែកមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានចូលរួមសហការរៀបចំពិធីបុណ្យពិសាខបូជា ជាផ្លូវការនៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ក្រោមការដឹកនាំចាត់ចែងរបស់ព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុកស្វាយទាប និងអាជ្ញាធរមូលដ្ឋានឃុំព្រៃតាអី ក្នុងនោះដែរមានការដង្ហែក្បួនវិសាខបូជា ដែលមានរថយន្តប្រមាណ២៥គ្រឿង និងព្រះសង្ឃ ពុទ្ធបរិស័ទប្រមាណចំនួន៣៥០អង្គ-នាក់ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ។
លោកបន្ថែមថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។
វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ៕
ដោយ៖ យឹម សុថាន