ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ង.អន្តរកម្មរវាងធាតុ និងធាតុ÷
ទោះបីព្រះសម្មាសម្ពុទ្ធបានសម្ដែងថា រូបធាតុនិងវិញ្ញាណធាតុជាសភាវៈពីរដោយឡែកពីគ្នាក៏ពិតមែន ប៉ុន្តែតាមពិតជាក់ស្ដែងធាតុទាំង២នេះ មិនអាចបំបែកពីគ្នាបានឡើយ ព្រោះការកើតឡើងនៃវិញាណធាតុ អាស្រ័យមានរូបធាតុកើតឡើងជាខាងដើមដោយពិត។
ធម្មជាតិទាំងឡាយដែលបង្កើតមកបានជាស្ថានប្រព័ន្ធ ព្រមទាំងមនុស្សជាតិដែលកើតឡើងពីផលនៃកម្ម សុទ្ធតែជាសភាវៈមានជីវិតមានវិញ្ញាណធាតុដូចគ្នា គ្រាន់តែវិញ្ញាណធាតុរបស់មនុស្ស មានរំញោចមានប្រតិកម្មតបតរវាងគ្នានឹងគ្នារហ័សភ្លាមៗ ចំណែកព្រឹត្តិកម្មរបស់ធម្មជាតិលេចចេញជាបាតុភូតផ្សេងៗ អាស្រ័យធាតុនិងធាតុក៏ពិតមែន ប៉ុន្តែដោយសារធម្មជាតិមានវិញ្ញាណធាតុ ក៏រមែងមានរំញោចប្រតិកម្មកើតឡើងរវាងសកម្មភាពរបស់មនុស្សទៅនឹងធម្មជាតិផងដែរ។
ដើម្បីរកឲ្យឃើញអំពីប្រតិកម្មរវាងធាតុនឹងធាតុនៅក្នុងស្ថានប្រព័ន្ធនៃលោកធាតុយើងនេះ គប្បីមានការសង្កេតដូចខាងក្រោម÷
– ទំនាក់ទំនងតាមរយៈកាយកម្មវចីកម្ម មនោកម្មរវាងមនុស្សនិងមនុស្ស បានជះឥទ្ធិពលភ្លាមៗឲ្យគ្នាទៅវិញទៅមក ដោយនៅផ្លូវកាយផ្លូវវាចា និងផ្លូវចិត្ត បង្កើតបានជាសេចក្តីសុខចម្រើនឬសេចក្តីទុក្ខសោក រួមទាំងទំនាស់នៅក្នុងសង្គម។
– ទំនាក់ទំនងសកម្មភាពរបស់មនុស្សជាមួយនឹងសត្វតិរច្ឆានប្រតិកម្មកើតឡើងតាមផ្លូវកាយបានតែចំពោះសត្វមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែប្រតិកម្មខាងផ្លូវចិត្តវិញ្ញាណរមែងកើតមានជាទូទៅរវាងមនុស្សនិងសត្វតិរច្ឆានទាំងនោះ។
រាល់សកម្មភាពមនុស្សចំពោះវត្ថុទ្រព្យធនដែលគ្មានវិញ្ញាណ ប្រតិកម្មធាតុកើតមានចំពោះតែខាងមនុស្សប៉ុណ្ណោះ ចំណែកអវិញ្ញាណកម្មវត្ថុទាំងនោះ ពុំមានប្រតិកម្មអ្វីទាំងអស់។
ដូច្នេះរាល់សកម្មភាពរបស់មនុស្សដែលបានប្រព្រឹត្តឡើងជាមួយនឹងធម្មជាតិដែលនៅជុំវិញពិតជាជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមកមិនខាន។ អ្វីដែលត្រូវសិក្សាស្រាវជ្រាវរកឲ្យឃើញថាតើមានហេតុបច្ច័យយ៉ាងដូចម្ដេចទើបរាល់សកម្មភាពរបស់មនុស្សមានអន្តរកម្មជាវិជ្ជាមានចំពោះធម្មជាតិ ?
ឱជៈចំណីអាហារដែលជាកោសិកាចិញ្ចឹមសរីរាង្គរបស់មនុស្ស ញ៉ាំងឲ្យមនុស្សរស់នៅបានអាស្រ័យមាន ខ្យល់ជាឧស្ម័នបរិសុទ្ធ ព្រមទាំងសារធាតុខាងក្រៅដែលនៅជុំវិញផ្ដល់ឱ្យទើបសរីរយន្តគ្រឿងបរិធាននៅខាងក្នុង អាចបំពេញនូវតួនាទីរបស់ខ្លួនបាន។ កាកសំណល់កោសិកាដែលឆះងាប់ហើយព្រមទាំងឧស្ម័នពុលត្រូវបញ្ចេញចោលទៅក្នុងបរិយាកាសរបស់ស្ថានប្រព័ន្ធវិញ( Eco-System)។
នៅក្នុងលំហបរិយាកាសជារូបធាតុរបស់លោកធាតុ ជាទីតាំងនៃវិញ្ញាណរបស់ ដី ទឹក ភ្លើង ខ្យល់ ជាទីនៃជីវិត វិញ្ញាណរបស់ពួកអទិស្សមានកាយផងកាកសំណល់របស់ឥន្ធនធាតុដែលជាកោសិកាងាប់ ឧស្ម័នពុលក៏ជាមហាភូតរូប ៤ ប៉ុន្តែជាមហាភូតរូបដែលពុល។ មហាភូតរូបដែលពុលនេះបានសុះសាយទៅរលាយចូលគ្នា និងមហាភូតរូបនៅក្នុងនោះផង នៅក្នុងធម្មជាតិដែលជាទីតាំងនៃវិញ្ញាណធាតុដែរនោះ ជាហេតុនាំឲ្យវិញ្ញាណធាតុនៅត្រង់ធម្មជាតិប្រែទៅជារបស់ពុលដូចវិញ្ញាណធាតុពុលរបស់មនុស្សដែរ។ ដូច្នេះបញ្ហាប្រតិកម្មរវាងវិញាណធាតុ និងវិញ្ញាណធាតុដែលជាធាតុដឹង ទើបជាគោលដៅនៃការស្រាវជ្រាវដល់ឬសគល់ដែលបានធ្វើឱ្យវិបត្តិធម្មជាតិលេចចេញជាបាតុភូតផ្សេងៗ មិនប្រក្រតីនោះ។
ភពផែនដីធម្មជាតិនេះ ជាប្រភពមេធាតុ ជាមេជីវិត មេវិញ្ញាណរបស់មនុស្ស។ រូបធាតុវិញ្ញាណធាតុរបស់មនុស្ស រមែងប្រសព្វទៅក្នុងលោកធាតុធម្មជាតិ តាមច្បាប់កម្មផលយ៉ាងនេះ បង្កើតបានជាចរន្តនៃធាតុពុលនៅក្នុងលោកនេះអាស្រ័យតែមនុស្សបានតាក់តែងពូនកិលេសដែលជាសភាវៈពុលទើបជាហេតុនាំឲ្យវិញ្ញាណធាតុរបស់ធម្មជាតិពុល បង្កើតនូវវិបត្ដិផ្សេងៗ ដែលមនុស្សជាតិកំពុងទទួលយកនាបច្ចុប្បន្ននិងទៅអនាគត។
បាតុភូតធម្មជាតិរបស់ចក្រវាឡនៃភពផែនដីនេះ គឺភ្លៀង ផ្គរ ក្តៅ ត្រជាក់ ចលនានៃភព។ ភ្លៀងនិងអាកាសធាតុក្តៅ ត្រជាក់ ជាបាតុភូតដ៏មានសារសំខាន់សម្រាប់ការកើតឡើងនិងការរស់នៅរបស់មនុស្សជាតិ និងធម្មជាតិទូទៅ។ វិបត្តិធម្មជាតិបច្ចុប្បន្ន គឺបញ្ហាភ្លៀងខ្យល់ព្យុះនេះឯង ដែលបាន និងកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាទីបំផុតនោះ។ ហេតុបច្ច័យនៃវិបត្តិនេះដូចព្រះពុទ្ធសម្ដែងថា …ម្នាលព្រាហ្មណ៍…ព្រោះឥឡូវនេះពួកមនុស្សត្រូវអធម្មរាគៈត្រូវវិសមលោភៈ គ្របសង្កត់ត្រូវមិច្ឆាធម្មរួមរឹត ។ កាលបើមនុស្សយ៉ាងដូច្នេះ ភ្លៀងក៏មិនបង្អុរនូវមេទឹកដោយប្រពៃឡើយ ៕


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print