ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះជាថ្ងៃទី៣ហើយដែលលោកវរសេនីយ៏ឯក ព្រំ អុន មេបញ្ជាការរង នាយសេនាធិការ និងលោកស្រីវរសេនីយ៏ឯក សំ ចាន់ម៉ាឡា មេបញ្ជាការរង ទទួលបន្ទុកផ្នែកសុខាភិបាល បានដឹកនាំ ក្រុមគ្រូពេទ្យកងទ័ពរបស់អង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្ស តាមសាលារៀនមួយចំនួនក្នុងខេត្តព្រះសីហនុ ។
ពេលដឹកនាំក្រុមគ្រូពេទ្យចុះគោលដៅចាក់វ៉ាក់សាំងរយៈពេលបីថ្ងៃកន្លងមកនេះ លោកវរសេនីយ៏ឯក ព្រំ អុន មេបញ្ចាការរង នាយសេនាធិការ តែងតែបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្សានុសិស្សដោយផ្ទាល់ នឹងបានជំរាបប្រាប់ពួកគាត់ថាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងទី៤ ដែលបានប្រព្រឹត្តិឡើងនាពេលនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្សឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីករការពារប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រមទាំងសិស្សានុសិស្សបានសម្តែងក្តីសប្បាយរីរាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយទោះបីជាបានចាក់វ៉ាក់សាំង អ្នកខ្លះដូសទី៣ និងអ្នកខ្លះដូសទី៤ រួចហើយក្តី ក៏ពួកគាត់ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសបំផុតការអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ទើបជៀសផុត ពីការឆ្លងនូវមេរោគដ៏កាចសាហាវចូលក្នុងខ្លួន គ្រួសារយើង និងសហគមន៍ផងដែរ៕
ដោយ : សិលា