កីឡាការិនីអង់គ្លេស Laura Robson ដែលឈ្នះជើងឯក Wimbledon នៅអាយុ១៤ឆ្នាំ និងមេដាយប្រាក់អូឡាំពិកនៅអាយុ១៨ឆ្នាំបានបញ្ជាក់ពីការចូលនិវត្តន៍ពីកីឡាវាយតឺន្នីស។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានឡើងដល់២៧ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយបានឈានដល់ជុំទី៤នៅពានរង្វាន់ Wimbledon និង US Open ប៉ុន្តែបន្ទាប់មករបួសត្រូវបានញុំាញីដោយនាងបានវះកាត់កដៃក្នុងឆ្នាំ២០១៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើការវះកាត់ត្រគាកទៀត។
Robson បានប្រាប់សារព័ត៌មាន BBC Sport ថា “ខ្ញុំបានឆ្លងកាត់គ្រប់លទ្ធភាពនៃការស្តារនីតិសម្បទា និងការវះកាត់ ។ ខ្ញុំបានធ្វើការវះកាត់ត្រគាកមួយទៀត ហើយប្រហែលជាបានស្តារឡើងវិញដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ ដោយខ្ញុំបានទៅជួបអ្នកឯកទេសល្អបំផុតទាំងអស់ និងមានមនុស្សមិនគួរឱ្យជឿដែលខ្ញុំកំពុងធ្វើការជាមួយគ្រាន់តែដើម្បីឱ្យខ្ញុំត្រលប់មកទីលានប្រកួតវិញ។ វាមានអារម្មណ៍ចម្លែកក្នុងការនិយាយខ្លាំងៗ ប៉ុន្តែខ្ញុំបានធ្វើរួច ខ្ញុំចូលនិវត្តន៍ហើយ។ ខ្ញុំបានដឹងថា មួយរយៈនេះដោយសារតែអ្វីដែលខ្ញុំបានប្រាប់ដោយវេជ្ជបណ្ឌិតកាលពីឆ្នាំមុន ខ្ញុំគិតថា វាចំណាយពេលយូរណាស់ក្នុងការនិយាយទៅកាន់ខ្លួនខ្ញុំ ដែលជាមូលហេតុដែលខ្ញុំចំណាយពេលយូរក្នុងការនិយាយជាផ្លូវការ”។ អតីតប្រធានផ្នែកវេជ្ជសាស្រ្ដរបស់ LTA លោកវេជ្ជបណ្ឌិត Jo Larkin និង Rob Hill ដែលធ្វើការជាអ្នកព្យាបាលកាយសម្បទាជាន់ខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ គឺបានគាំទ្រ Robson ហើយនៅជាមួយនាង នៅពេលដែលគ្រូពេទ្យបានផ្សាយព័ត៌មានដែលនាងរំពឹងទុក។Robson ត្រូវបានគេដាក់ឈ្មោះថា WTA Newcomer of the Year ក្នុងឆ្នាំ២០១២ ខណៈដែលនាងបានផ្តួលជើងឯក Grand Slam Kim Clijsters និង Li Na ក្នុងការប្រកួតទៅកាន់ជុំទី៤នៃ US Open ។ ការប្រកួតរបស់ Robson ទៅជុំទី៤នៅ Wimbledon បានកើតឡើងកាលពីឆ្នាំ២០១៣ គឺ៥ឆ្នាំបន្ទាប់ពីនាងបានឈ្នះជើងឯកក្មេងស្រីនៅអាយុត្រឹមតែ១៤ឆ្នាំ។
នាងក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ WTA តែមួយគត់របស់នាងនៅទីក្រុងក្វាងចូវក្នុងខែកញ្ញា (នាងគឺជាជនជាតិអង់គ្លេសដំបូងគេដែលបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ WTA អស់រយៈពេល២២ឆ្នាំ) ហើយនៅដើមខែសីហាបានចាប់ដៃគូជាមួយ Andy Murray ដើម្បីឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងឡុង។ វាស្ទើរតែទទួលមាសទៅហើយ ប៉ុន្តែ Victoria Azarenka និង Max Myrni បានឈ្នះក្នុងលទ្ធផល ១០-៨ នៅលើទីលានកណ្តាលរបស់ Wimbledon ៕ (រូបភាព ៖ BBC Sport)