ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រីពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កពីរគ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ស្ថិតក្នុងភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១និង១៧នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់ភ្លាមៗដោយសាររថយន្តបើកបុកម៉ូតូសណ្តោងរ៉ឺម៉ក់ទាំងពីរគ្រឿងនេះគឺគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនិងទីលំនៅនៅឡើយទេ។ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-0102 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុ បានគេចខ្លួន) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូសណ្តោងរ៉ឺម៉ក់ចំនួនពីរគ្រឿងគឺ១-ម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខសណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ)និង២-ម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ ) បើកបរពីទិសខាងលិចទៅទិសខាងកើត ត្រូវរថយន្តបុករះពេញទំហឹងអូសកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាមៗតែម្តង។
ប្រភពបានបន្តទៀតថា សាកសពជនរងគ្រោះតម្កល់នៅមន្ទីរពេទ្យ ហេង សុធារិទ្ធ ស្រុកអង្គស្នួល ខេត្តកណ្តាលរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងយានយន្តទាំង៣គ្រឿងសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ សូរិយា