នៅក្នុងកិច្ចប្រជុំនៅទីក្រុង Brussels នាថ្ងៃទី១៨ខែឧសភា បណ្តាប្រទេសសមាជិកណាតូ មិនបានឈានដល់កិច្ចព្រមព្រៀង ក្នុងការចាប់ផ្តើមដំណើរការដាក់ប្រទេសស៊ុយអែត និងហ្វាំងឡង់ជាសមាជិកនោះទេ ។ ប្រទេស
តួកគីតែងតែរារាំងដល់កិច្ចពិភាក្សាទាំងនោះ។
ក្រោយកិច្ចប្រជុំ មន្ត្រីការបរទេសមួយចំនួនបានបដិសេធដំណើរការឯកសារដើម្បីដាក់បញ្ចូលសមាជិកណាតូ។ ប្រទេសសមាជិកណាតូ បានស្វាគមន៍សំណើសុំចូលជាសមាជិករបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា ដំណើការសុំចូលជាសមាជិកអង្គការ NATO របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងទទួលបានជោគជ័យ បើទោះបីជាមានការជំទាស់ពីប្រទេសតួកគីលើសំណើនេះក៏ដោយ។
ប្រទេសតួកគីបានចោទប្រកាន់ស៊ុយអែត និងហ្វាំងឡង់ថារក្សាគំនិតគាំទ្រភេរវករ ខណៈដែលទីក្រុងអង់ការ៉ាក៏បានរិះគន់ទីក្រុងស្តុកខុលចំពោះការផ្អាកលក់អាវុធ របស់ខ្លួនមកឱ្យតួកគីកាលពីឆ្នាំ២០១៩ ជុំវិញការពាក់ព័ន្ធនឹងសង្រ្គាមនៅស៊ីរី។ ថ្មីៗនេះប្រធានាធិបតីតួកគី លោក អឺដូហ្កាន់បានជំរុញឱ្យ NATO គោរពពីការព្រួយបារម្ភរបស់ខ្លួនថា ការបន្ថែមសមាជិក NATO អាចនាំឱ្យរុស្ស៉ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីរបៀបដែលលោក បៃឌិន នឹងបញ្ចុះបញ្ចូលឱ្យទីក្រុងអង់ការ៉ាទម្លាក់ការប្រឆាំងនឹងបញ្ហានេះ លោក បៃឌិន បាននិយាយថា «ខ្ញុំគិតថាមិនអីទេ»។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ក៏បានជួបជាមួយលោក
ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) នៅក្នុងទីក្រុងញូវ
យ៉ក ដោយអ្នកទាំងពីរបានបញ្ជាក់ពីជំហរព្រួយបារម្ភលើបញ្ហាសន្តិសុខផ្សេងគ្នា។ តែសហរដ្ឋអាមេរិកជឿ ជាក់លើការសម្រេចចុងក្រោយរបស់ NATO ថានឹងគាំទ្រសមាជិកភាពថ្មីនេះ៕ ដោយធីរីណា
រូបថត : Reuters