អតីតថៅកែស្ថានីយប្រេង PTT ត្រូវបានតុលាការបើកសវនាការជំនុំជម្រះពាក់ព័ន្ធនឹងករណីចេញសែកស្អុយជាង១០ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ. លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ អតីតថៅកែស្ថានីយប្រេង PTT ពាក់ព័ន្ធនឹងករណីចេញសែកស្អុយមានទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ហើយពេលបញ្ចប់សវនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១ខែមិថុនាឆ្នាំ២០២២ ដើម្បីធ្វើការប្រកាសសាលក្រម។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនខ្លួនទៅតុលាការកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពោលគឺចេញសែកស្អុយមានទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ ។

ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអតីតជាថៅកែស្ថានីយប្រេង PTT ដែលមានទីតាំងស្ថិតនៅម្តុំរង្វង់មូលកួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តឹងរបស់ជនរងគ្រោះពាក់ពន្ធចេញសែកស្អុយលើទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក។

សូមរម្លឹកថា ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់និងបក្ខពួកបានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់ខ្លួន ដោយចោទថា គ្រូបង្រៀនរូបនោះបានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹក ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print