ខេត្តពោធិ៍សាត់ ៖ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋបានប្រទះឃើញ និងស្រង់សពសិស្សសាលាអនុវិទ្យល័យបាក់ចិញ្ចៀនទាំងចំនួន៣នាក់នោះហើយ ខណៈបានទៅងូតទឹកលេងចំនួន៦នាក់កាលម្សិលម៉ិញ ។
នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា សពសិស្សសាលាអនុវិទ្យាល័យទាំងចំនួន៣នាក់ បានរកឃើញជាបន្តបន្ទាប់ នៅចម្ងាយប្រមាណជាង២.០០០ម៉ែត្រពីកន្លែងលង់ទឹក ដោយនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នេះ បានរកឃើញឈ្មោះ ថា ស្រីមុី ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន លុះនៅវេលាម៉ោង១២ និង១១នាទី ថ្ងៃខែដដែលបានរកឃើញឈ្មោះ ជា ស្រីនាថ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ដោយឡែកឈ្មោះ គឹម សុខគៀង ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទើបនឹងរកឃើញក្រោយគេ គឺ ល្ងាចថ្ងៃដដែល ។
គួររំលឹកថា ករណីក្មេងៗស្រីៗសិស្សសាលាអនុវិទ្យាល័យបាក់ចិញ្ចៀនលង់ទឹកស្ទឹង បណ្ដាលឲ្យទឹកហូរគួចលិចទៅបាត់ចំនួន៣នាក់ក្នុងចំណោម៦នាក់នោះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅទឹកស្ទឹងពោធិសាត់ត្រង់ចំណុចស្ពានក្របៅជ្រុំ ស្ថិតនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា សិស្សសាលាមានគ្នាចំនួន៦នាក់ ទី-១ សុង សុខលី ភេទស្រី អាយុ…..រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៧E ទី-២ ឈ្មោះ ហឿន ស្រីល័ក្ខ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨A ទី-៣ ឈ្មោះ ហឿន ស្រីលីន ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨A ទី-៤ ឈ្មោះ គឹម សុខគៀង ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨B ទី-៥ ឈ្មោះ ជា ស្រីនាថ ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី៨AG និងទី-៦ ឈ្មោះ ថា ស្រីមុី ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រៀនថ្នាក់ទី៧E ។
ប្រភពពីអាជ្ញាធរបន្តទៀតថា ពួកគាត់ចេញពីសាលារៀននាំគ្នាជិះម៉ូតូចំនួន២គ្រឿង មកចំណុចកើតហេតុក្នុងគោលបំណងងូតទឹក នៅគ្រាកំពុងងូតទឹកលេងស្រាប់តែឈ្មោះ ថា ស្រីនាថ បានបបួលទៅងូតកន្លែងផ្សេងមានគល់ឈើ១ ដែលមានចម្ងាយប្រមាណ៥០ម៉ែត្រពីកន្លែងកំពុងលេង ភ្លាមនោះក៍នាំគ្នាដើរទៅប៉ុន្តែទឹកជ្រៅពេក និងហូរផងនោះឈ្មោះ ថា ស្រីមុី ទៅយកដើមឬស្សីមកកាន់ដើរឆ្លងតគ្នា ដោយឈ្មោះ ហឿន ស្រីលីន កាន់ខាងមុខ និងឈ្មោះ ហឿន ស្រីល័ក្ខ កាន់ខាងក្រោយ ចំណែក៤នាក់តោងសម្រូតតៗគ្នាទៅមុខ ទំនងសភាពការមិនល្អ ឈ្មោះ ហឿន ស្រីលីន នៅខាងមុខចេះហែលទឹកដែរនោះប្រាប់ថាកុំទៅ ពេលនោះក៍នាំតោងឬស្សីសម្រូតត្រឡប់មកវិញ ធ្វើឲ្យឈ្មោះ ហឿន ស្រីល័ក្ខ ដែលកាន់ឬស្សីខាងក្រោយ ទប់មិនឈ្នះក៍របូតដើមឬស្សីនោះពីដៃ បណ្ដាលឲ្យឈ្មោះ ថា ស្រីមុី.ជា ស្រីនាថ.និងគឹម សុខគៀង ទឹកហូរគួចយកទៅបាត់ ដោយឡែកៈ ឈ្មោះ សុង សុខលី បានឈ្មោះ ហឿន ស្រីលីន ទាញដៃតោងគល់ឈើជាប់ ឯឈ្មោះ ហឿន ស្រីល័ក្ខ ដែលកាន់ឬស្សីបណ្ដាលឲ្យរបូតដៃ ប្រឹងហែលមកច្រាំងស្ទឹងក៍ស្រែកហៅអ្នកភូមិឲ្យជួយ ភ្លាមៗនោះអ្នកភូមិបានយកទូកមកចម្លង២នាក់ដែលតោងជាប់គល់ឈើ និងបន្តរកអ្នកទាំង៣នាក់ដែលបានបាត់ខ្លួន ប៉ុន្តែរកពុំឃើញទេព្រោះទឹកជ្រៅ និងហូរខ្លាំង ៕ ដោយៈ បុឹម ពិន