ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប បានបញ្ជាឱ្យឃាត់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកញ-ញួរវាយជនរងគ្រោះ) នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានធ្វើសកម្មភាពយកញ-ញួរ ដងជ័រក្បាលដែក វាយទៅលើជនរងគ្រោះឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ចំនួន០៣ញ-ញួរ (០១ញ-ញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឱ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ-០២ញ-ញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ) ។
ក្រោយកេីតហេតុ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ហើយបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានព្រះរាជអាជ្ញា(ស្តីទី) នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កញ្ញា វ៉ា សក្កដា សម្រេចឱ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់បន្ត៕ដោយ៖សហការី