ខេត្តស្ទឹងត្រែង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែឧសភា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកុច្ច ហូកា និងមានគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP បានបើកវគ្គបណ្ដុះបណ្ដាលហូកា “ជំនាញគេហកិច្ច” ដល់បុគ្គលិកដែលបម្រើការក្នុងសេវាកម្មស្នាក់នៅផ្នែកគេហកិច្ច (អ្នករៀបចំបន្ទប់)ក្នុងទីរួមខេត្ត ចំនួន ១៤នាក់ ស្រី ០៩នាក់។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្ដាលខាងលើមានរយះពេល ០៦ថ្ងៃ ដែលបណ្ដុះបណ្ដាលផ្ទាល់ដោយគ្រូបង្គោលមន្ទីរខេត្តស្ទឹងត្រែងចំនួន ០៤ថ្ងៃ និងមានការចូលរួមចែករំលែកបទពិសោធន៍ពីគ្រូបង្គោលមន្ទីរខេត្តព្រះវិហារ ចំនួន ០២ថ្ងៃផងដែរ។
ជាលទ្ធផល ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលសិក្ខាកាមបានយល់ដឹងពី (១) តួនាទីក្នុងផ្នែកគេហកិច្ច (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) ឧបករណ៍និងសម្ភារគេហកិច្ច (៥) ក្រណាត់និងពូក (៦) សំអាតនិងបម្រើសេវាកម្មបន្ទប់ភ្ញៀវ (៧) រៀបចំសម្រាប់វេនបន្ទា (៨) ប្រព័ន្ធរាយការណ៍ (៩) ផ្តល់សេវាកម្មគេហកិច្ចបន្ថែម (១០) សំអាតទីសាធារណៈ (១១) នីតិវិធីបោកគក់ និង (១២) ផ្តល់សេវាកម្មបោកគក់សំលៀកបំពាក់ភ្ញៀវ៕ដោយ៖សហការី