កាលពី ថ្ងៃទី២១ខែឧសភា(ពេលវេលាអាមេរិក) ក្រសួងការបរទេសរុស្ស៊ីបានប្រកាសហាមប្រាមពលរដ្ឋអាមេរិកជិត១០០០នាក់ចូលក្នុងទឹកដីរុស្ស៊ី ក្នុងនោះមានទាំងប្រធានាធិបតីបៃឌិន រដ្ឋមន្ត្រីការបរទេស Antony Blinken…។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា រុស្ស៉ី បានឱ្យដឹងថា គិតមកទល់នឹងពេលនេះ ខ្លួនបានហាមពលរដ្ឋអាមេរិកចំនួន ៩៦៣នាក់ ក្នុងនោះរួមមានទាំង ប្រធានាធិបតី លោក ចូ បៃឌិន និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកជាច្រើនរូបចូលមកក្នុងប្រទេសខ្លួន ហើយថានឹងបន្តចាត់វិធានការសងសឹកប្រឆាំងនឹងអ្វី ដែលទីក្រុងមូស្គូហៅថាជាសកម្មភាពអារិភាពពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ការប្រកាសដាក់ចេញបម្រាមធ្វើដំណើរ ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថាជាផ្នែកមួយនៃការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងការទូតរវាងរុស្ស៉ី នឹងលោកខាងលិច ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ រុស្ស៉ីបានហៅសង្រ្គាមនៅអ៊ុយក្រែនថាជាប្រតិបត្តិការពិសេស រីឯសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចហៅថាជាការឈ្លានពាន ហើយក៏បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូផងដែរ ខណៈដែលកំពុងផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់ខ្លួន, ក្រសួងការបរទេសរុស្ស៉ី ក៏បានឱ្យដឹងដែរថាទីក្រុងមូស្គូ បានបញ្ចូលឈ្មោះពលរដ្ឋកាណាដា២៦នាក់ថ្មីទៀត ទៅក្នុងបញ្ជីខ្មៅហាមចូលប្រទេសរុស្ស៉ី ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ, នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ និងលោកស្រី Sophie Gregoire Trudeau ដែលជាភរិយានាយកដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ផងដែរ។ ចំណាត់ការរបស់រុស្ស៉ីបែបនេះធ្វើឡើង បន្ទាប់ពីកាណាដាប្រកាសពីសេចក្ដីព្រាងច្បាប់ថ្មីមួយដែលនឹងហាមប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន រួមទាំងមនុស្ស ១,០០០នាក់មកពីរដ្ឋាភិបាលរបស់លោក ពូទីន និងយោធារុស្ស៉ី ចូលប្រទេសកាណាដា៕ ដោយធីរណា
រូបថត : REUTERS