ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបជូនគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថា ៖ សូមជម្រាបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ មានសកម្មភាពចោរឆក់យកទូរស័ព្ទដៃ បីទៅបួនករណីមកហើយដោយប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំកោះធំខ មិនបានទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាឡើយ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃអាទិត្យទី២២ ខែឧសភា ឆ្នាំ២០២២។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ស្រាវជ្រាវបង្ក្រាបមុខសញ្ញាខាងលើ ។
បន្ទាប់មក លោកអធិការនគរបាលស្រុកបានបញ្ជាឲ្យផ្នែកជំនាញ និងប៉ុស្តិ៍ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ច្បាមមុខសញ្ញាលួចឆក់ផ្សេងៗដើម្បីមានវិធានការបង្ក្រាបទាន់ពេល ។
ជាលទ្ធផល ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី កម្លាំងនគរបាលផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះធំ(ខ) បានបង្ក្រាបចាប់បានជនសង្ស័យ០១នាក់ ដែលបានឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច ៖ -ករណី៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ។
-កើតហេតុនៅថ្ងៃទី១៩.០៥.២០២២ វេលាម៉ោង ១៥:៣០នាទី នៅចំណុចភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ដំ ស្រីនាថ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យ ០១នាក់ និងបក្ខពួក ៖ ឈ្មោះ ឈុត មុន្នី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1X-2898 ។ -ទូរស័ព្ទដៃ ម៉ាក Vivo19 ពណ៌បៃតងខ្ចី (បានប្រគល់ជូនជនរងគ្រោះ) ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី ។អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប ៕ដោយ៖សហការី